(ភ្នំពេញ)៖ សហគមន៍ម្រេចអន្តរជាតិ (International Pepper Community) បាននិងកំពុងអូសទាញកម្ពុជាឲ្យចូលជាសមាជិករបស់ខ្លួន ដើម្បីបើកទីផ្សារសម្រាប់ម្រេចកម្ពុជានៅលើពិភពលោកឲ្យកាន់តែទូលាយថែមទៀត។

ក្នុងជំនួបសំណេះសំណាលជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ លោកស្រី ហ័ង ធិលៀន (Hoang Thi Lien) នាយកប្រតិបត្តិនៃសហគមន៍ម្រេចអន្តរជាតិ (International Pepper Community) បានថ្លែងបង្ហាញ និងណែនាំពីគុណប្រយោជន៍ជាច្រើននៃការចូលជាសមាជិករបស់សហគមន៍។

លោកស្រីបន្តថា ការចូលជាសមាជិករបស់សហគមន៍ម្រេចអន្តរជាតិ ប្រទេសជាសមាជិកនឹងទទួលបានអត្ថប្រយោជន៍លើការលើកកម្ពស់ផលិតភាព បច្ចេកទេសថ្មីៗ ការស្រាវជ្រាវនានា ការគាំទ្រលើខ្សែសង្វាក់ផលិតផលទាំងមូល ក៏ដូចជាសម្របសម្រួលរវាងកសិករ និងឈ្មួញ ដើម្បីឈានទៅដល់ការនាំចេញទៅទីផ្សារបរទេស។

លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ម្រេចកម្ពុជា ជាកសិផលមួយមានភាពល្បីល្បាញ ជាពិសេសម្រេចកំពត ដែលជាទំនិញទទួលបានការបញ្ជាក់ភូមិសាស្ត្រ (Geographical Indication) និងមានតម្លៃខ្ពស់នៅលើទីផ្សារពិភពលោក។

ចំពោះការចូលជាសមាជិកសហគមន៍ម្រេចអន្តរជាតិ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជានឹងអាចចូលជាសមាជិកសង្កេតការណ៍របស់សហគមន៍ម្រេចអន្តរជាតិជាមុន ហើយនឹងសិក្សាបន្ថែមទៀតលើលទ្ធភាពក្នុងការចូលជាសមាជិកពេញសិទ្ធនៅពេលក្រោយ។

លោករដ្ឋមន្រ្តីពាណិជ្ជកម្ម ក៏បានណែនាំឲ្យសហគមន៍ម្រេចអន្តរជាតិ សហការជាមួយក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាមួយនៅកម្ពុជា ដើម្បីបង្កើតជាវេទិកាប្រឹក្សាជាមួយកសិករ អ្នកប្រមូលទិញ និងអ្នកនាំចេញម្រេច ក្នុងគោលបំណងលើកស្ទួយការអភិវឌ្ឍន៍ផលិតផលម្រេចនៅកម្ពុជាបន្ថែមទៀត។


 សូមបញ្ជាក់ថា សហគមន៍ម្រេចអន្តរជាតិ ជាស្ថាប័នមួយបង្កើតឡើងក្រោមក្របខណ្ឌគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP)។  បច្ចុប្បន្នមានសមាជិកពេញសិទ្ធិចំនួន ០៦ប្រទេសរួមមាន វៀតណាម ឥណ្ឌូណេស៊ី ប្រេស៊ីល ឥណ្ឌា ស្រីលង្ការ និងម៉ាឡេស៊ី៕