(ភ្នំពេញ)៖ នៅទីបំផុត គ.ជ.ប បានប្រកាសលទ្ធផលបឋមចុងក្រោយ និងបិទផ្លូវតវ៉ាតែម្ដងដោយសម្រេចថា ការរាប់សន្លឹកឆ្នោតឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ និងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបងនោះ គឺគណបក្សប្រជាជនកម្ពុជា បានចាញ់គណបក្សសង្គ្រោះជាតិ។ នេះយោងតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោយបញ្ចប់ការរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យ គ.ជ.ប។

បើតាមអ្នកនាំពាក្យ គ.ជ.ប ចំពោះលទ្ធផលបឋមចុងក្រោយនេះ នៅឃុំបឹងប្រាំ គណបក្សប្រជាជនកម្ពុជា ទទួលបាន៧០៧សំឡេង រីឯគណបក្សសង្គ្រោះជាតិទទួលបាន ៧៧៦សំឡេង។ ដោយឡែកនៅឃុំក្លែង គណបក្សប្រជាជនកម្ពុជា ទទួលបាន៣៣៥សំឡេង ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបាន៣៣៧សំឡេង។

សូមជម្រាបថា បើតាមលទ្ធផលបោះឆ្នោតបឋម ដែលបានចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប មុនការរាប់សន្លឹកឆ្នោតឡើងវិញនោះ បានបង្ហាញថា ឃុំបឹងប្រាំនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៦៣១សំឡេង ឈ្នះ២៣សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតចំនួន ៦០៨សំឡេង។ ចំណែក ឃុំក្លែង គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៨៣២សំឡេង ជាអ្នកឈ្នះ ១សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតចំនួន ៨៣១សំឡេង៕