(ភ្នំពេញ)៖ ថ្ងៃនេះមេទ័ពធំនៃបក្សទេវតាបានបញ្ជាឲ្យសំណាក់ធំរបស់ខ្លួនលុបចោលបម្រាមដែលហាម សម រង្ស៊ី ដែលជាទណ្ឌិត និងអតីតមេបក្សរត់ចោលស្រុក នៃបក្សព្រះអាទិត្យ មិនឲ្យធ្វើដំណើរចូលនគរតាមផ្លូវអាកាស។ តើនេះមានន័យថា ជាការអនុញ្ញាតឲ្យ សម រង្ស៊ី វិលចូលនគរវិញ? ថាមែនក៏ត្រូវ ថាមិនមែនក៏ត្រូវ! ថាលុបបម្រាម ក៏ត្រូវថាមិនលុបបម្រាម ក៏ត្រូវ! តើហេតុអីបានជានិយាយថា ដូច្នេះ? ព្រោះច្បាស់ណាស់ថា នេះជាអន្ទាក់ក្នុងយុទ្ធសាស្រ្តនយោបាយ ដែលបម្រើឲ្យវិធីព្រួញមួយបាញ់បានសត្វពីរ! បក្សីចាំក្រុងសូមជូនហេតុផលខ្លះ សម្រាប់ការពិចារណា ៖

ទី១៖ គឺ កុំច្រឡំ ! ការដកបម្រាមនេះ គឺដាច់ខាតមិនមែនជាការលើកលែងទោសនោះទេ។ មេបក្សទេវតាធ្លាប់បានប្រកាសជាសាធារណៈ យ៉ាងម៉ឺងម៉ាត់ និងដាច់ខាតថា នឹងមិនចុះហត្ថលេខាស្នើសុំថ្វាយព្រះមហាក្សត្រ ដើម្បីលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី ជាដាច់ខាត ហើយថែមទាំងសច្ចានៅចុំមពោះមុខរាស្រ្តក្នុងនគរថា នឹងកាត់ដៃរបស់ខ្លួនចោល ប្រសិនបើចុះហត្ថលេខាស្នើលើកលែងទោសដល់ទណ្ឌិត សម រង្ស៊ី ថ្វាយទៅកាន់ព្រះមហាក្សត្រ។ នេះ ប្រែមកយ៉ាងច្បាស់ថា ជាការបិទផ្លូវដាច់ខាតសម្រាប់ជីវិតនយោបាយរបស់អតីតមេបក្សរត់ចោលស្រុកនៃបក្សព្រះអាទិត្យ។ ជំហរដ៏ដាច់ខាតបែបនេះ គឺរិតតែច្បាស់ទៅទៀត ព្រោះមេបក្សទេវតា មិនអាចជាន់ដានឆ្នាំ ២០១៣ នោះទេ។

ទី២៖ គឺការកាត់ស្មៅក្រោមជើង សម រង្ស៊ី ដោយលុបចោលនូវលេសសម្រាប់គាត់ប្រើប្រាស់ដើម្បីបិទបាំងភាពកំសាក របស់គាត់ដែលខ្លាចមិនហ៊ានប្រឈមនឹងផ្លូវច្បាប់ក្នុងស្រុក។ គ្រប់គ្នានៅចាំបានថា កាលដែលគាត់រត់ទៅសោយសុខនៅស្រុកបារាំងរបស់គាត់ គឺមិនមែនដោយសារបម្រាមហាមគាត់មិនអោយជិះយន្តហោះពីកូរ៉េចូលស្រុកវិញទេ។ គ្រប់គ្នានៅចាំបានថា គាត់ធ្លាប់ប្រកាសដាច់ខាតត្រូវត្រឡប់ មកវិញទោះមានដីកាចាប់ខ្លួន ឬត្រូវស្លាប់បាត់បង់ជីវិតក៏ដោយ ហើយមានអ្នកខ្លះ ហ៊ានរហូតភ្នាល់គ្នាចាក់លុយទៅទៀត ដោយគេស្គាល់ច្បាស់ ក្រយ៉ៅ និងចរិតរបស់គាត់ គឺដាច់ខាតមិនហ៊ានប្រឈមមុខនឹងការចាប់ខ្លួននោះទេ។

ទីបំផុត បងជាទន្សាយមែន! គាត់បង្វែរទិស មិនមកស្រុកខ្មែរ ហើយបែរជាទៅសោយសុខនៅស្រុកបារាំងរបស់គាត់ទៅវិញ។ មានសកម្មជនបក្សព្រះអាទិត្យជាច្រើនសម្តែងការហួសចិត្ត និងខកចិត្តជាខ្លាំង ដោយសារមេទ័ពធំរបស់ខ្លួន គឺជាមេទ័ពកំសាក ដែលមានឈ្មោះហៅថា គង់ ហ៊ាន។ គ្រប់គ្នានៅចាំបានថា នៅពេលសួរសំណួរហេតុអ្វី រត់គេចខ្លួនទៅបារាំង គាត់រកលេសបាន ២ ឬ ៣ ដើម្បីបកស្រាយពន្យល់ថា មិនមែនគាត់ជាអ្នកសម្រេចចិត្តនោះទេ គឺថ្នាក់ដឹកនាំបក្សព្រះអាទិត្យសម្រេចអោយគាត់រត់គេចខ្លួន! Sic! ហើយគាត់ថា គាត់នៅតស៊ូនៅក្រៅនគរ គឺល្អជាងជាប់នៅក្នុងគុក។ នៅពេលសួរថា ម៉េចមិនហ៊ានជាប់ឃុំឃាំង ដូចអ្នកស្រី អង់ សាន់ស៊ូជី? គាត់ថា គាត់យកគំរូតាមសម្តេចឪ គឺតស៊ូពីក្រៅ។

គ្រប់គ្នានៅចាំបានថា តើនៅពេលគាត់ជាន់ដីអាមេរិក ក្នុងវេទិកានានា គេនាំគ្នាពេបជ្រាយនឹងភាពកំសាករបស់គាត់ ដែលរត់គេចខ្លួន ដែលធ្វើឲ្យបក្សព្រះអាទិត្យ បាក់មុខយ៉ាងខ្លាំង។ តាមពិត ហេតុផលទាំងឡាយដែលគាត់បានលើកឡើងកាលពីអំឡុងពេលគាត់រត់គេចខ្លួនទៅស្រុកបារាំង គឺជាលេសដើម្បីបិទបាំងភាព កំសាករបស់គាត់ប៉ុណ្ណោះ។ បំណងរបស់គាត់ គឺគេចពីការលំបាក ហើយសំងំយកសុខនៅស្រុកបារាំងរបស់គាត់។ រយៈពេលចុងក្រោយនេះ គាត់ដូរលេស របស់គាត់ជាថ្មីដើម្បីបិទបាំងភាពកំសាកញីរបស់គាត់ ដោយលើកថា មិនអាចចូលស្រុក ដោយសារមានបម្រាមមិនអោយចូល! ឥឡូវបម្រាមត្រូវបាន លុបចោលហើយ! ដូចនេះ បើមិនមែនជារឿងយុទ្ធសាស្រ្តរបស់បក្សទេវតា ដើម្បីលុបចោលហេតុផលសម្រាប់ សម រង្ស៊ី យកធ្វើលេស និងវែកមុខមាត់ពិតរបស់គាត់ដែលជាអ្នកក្លាហាន គង់ ហ៊ាន តើជាអ្វីទៅវិញ?

ទី៣៖ តើមានអ្នកណាហ៊ានភ្នាល់ទេថា សម រង្ស៊ី នឹងទិញសំបុត្រយន្តហោះជិះត្រឡប់មកស្រុកខ្មែរវិញ បន្ទាប់ពីទទួលបានដំណឹងនេះ? ច្បាស់ណាស់ ១០០% គឺមិនហ៊ានចូលទេ! បើហ៊ានភ្នាល់ ប្រាកដជាចាញ់។ សិក្សាអំពីប្រវត្តិរបស់ សម រង្ស៊ី ឡើងវិញ គឺច្បាស់ណាស់ គាត់មិនដែលត្រឡប់មកស្រុកវិញដោយ គ្មានព្រះរាជក្រឹត្យលើកលែង ទោសនោះទេ។ គាត់រត់បានលឿន និងពូកែប្រើយុទ្ធសាស្រ្តតស៊ូពីខាងក្រៅស្រុក មិនហានក្លា ដូចអ្នកស្រី អង់ សាន់ស៊ូជី នោះទេ។

ទី៤៖ អន្ទាក់ច្បាប់ ក្នុងយុទ្ធសាស្រ្តនយោបាយ។ បក្សទេវតាប្រើវិធីមួយបាញ់បានសត្វពីរ ធ្វើអោយ សម រង្ស៊ី ស្ថិតក្នុងស្ថានភាពទ្វេគ្រោះ ព្រោះអស់លេសបិទបាំង ភាពកំសាករបស់ខ្លួន ហើយបើលធ្វើជាក្លាហានបន្តិច គឺត្រូវជាប់ក្នុងសំណាញ់ច្បាប់។ គ្រប់គ្នានៅចាំបានថា មេបក្សទេវតាបានចេញបញ្ជាដាច់ណាត់ ដល់កម្លាំងមានសមត្ថកិច្ច គឺដាច់ខាតត្រូវអនុវត្តដីកាចាប់ខ្លួនអោយខាងតែបាន។ ប្រសិនបើមានការប្រឈមមុខគ្នាខ្លាំង ដោយសារការប្រមូលគ្នាប្រឆាំងនឹងការ អនុវត្តការចាប់ខ្លួន នោះផលវិបាក គឺប្រាកដជាអាក្រក់ អាចរាលដាលដល់បក្សប្រឆាំងទាំងមូលទៀតក៏ថាបាន។ ឆ្វេង ក៏គ្រោះ ស្តាំ ក៏គ្រោះ។
អុកមួយក្តារនេះ ពិតជាល្អលេង!

ចំការមន, ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧
ដោយ៖ បក្សីចាំក្រុង