(ភ្នំពេញ)៖ លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្រ្កាបការក្លែងបន្លំ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយមួយចំនួន នៅខណ្ឌជ្រោយចង្វា។ ការចុះ ពិនិត្យនេះ បានរកឃើញស្ថានីយប្រេងឥន្ធនៈចំនួនពីរកន្លែង គឺមិនបានអនុលោមទៅតាម ផ្នែកបរិមាណ និងគុណភាពនោះឡើយ។

លោក គឿន ភិរុណ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ដោយមានការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មនោះ រូបលោកតែងបានដឹកនាំមន្រ្តីកាំកុងតូល ចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយនានា ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងយានយន្តទាំងឡាយ និងទប់ស្កាត់ការកែ្លងបន្លំ។

លោកបន្តថា ការត្រួតពិនិត្យនេះ បានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យនៅនិងកន្លែង ដូចជាធុងក្រឹតចំនួន មាឌជាក់លាក់ សម្រាប់វាស់មាឌប្រេងដែលបាញ់ ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែក សន្ទស្ស៍អុកតានប្រេងសាំងវិញគឺមានឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតាន ប្រេងសាំងSuper(95)និងRegular(92)។

បើតាមលោក គឿន ភិរុណ ការចុះពិនិត្យនាព្រឹកមិញនេះ ក្នុងចំណោមស្ថានីយទាំង ០៣កន្លែង មានស្ថានីយប្រេងឥន្ធនៈតែមួយ ស្ថានីយ ប៉ុណ្ណោះ អនុលោមទៅតាមបរិមាណ និងគុណភាព ដោយឡែកស្ថានីយ ០២ទៀតមិនបានអនុលោមផ្នែកបរិមាណ និងគុណភាពទេ។ ក្រោយពិនិត្យឃើញបែបនេះ មន្រ្តីកាំកុងត្រូលបានណែនាំឲ្យកែតម្រូវឲ្យបានត្រឹមត្រូវឡើងវិញ ដូចកិច្ចសន្យាកុំឲ្យមានការខុសឆ្គងទៀត។

លោក គឿន ភិរុណ បានគូសបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ ក្នុងនាយកដ្ឋាន នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបាន គ្រប់ស្ថានីយ ទូទាំងប្រទេសកម្ពុជា តាមលទ្ធភាពដែលអាចធើ្វបាន។ លោក គឿន ភិរុណ ក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយ ប្រេងឥន្ធនៈចូលរួមសហការ ធើ្វការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីបង្ហាញពីគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ខ្លួន ជូនអតិថិជន។

លោកបានអំពាវនាវដល់អ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្ត ទាំងអស់សូមប្រុងប្រយ័ត្ន ត្រូវជ្រើសរើសស្ថានីយ ប្រេងឥន្ធនៈដែលទុកចិត្ត ប្រើប្រាស់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ពិនិត្យមើលលើកុងទ័រចាប់ពីចំណុច សូន្យជានិច្ចមុនពេលចាក់ ហើយតាមដានដំណើរការនៃលេខម៉ូទ័ររហូតដល់ ចំនួនលីត្រចុងក្រោយ ដែលបានស្នើ ព្រោះវាត្រូវសើ្មនឹង តម្លៃប្រេងដែលត្រូវចំណាយ។

ក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើងទាក់ទងពីបរិមាណ និងគុណភាពប្រេងឥន្ធនៈ ពេលចូលទៅចាក់ប្រេងឥន្ធនៈ នៅក្នុង ស្ថានីយណាមួយក្នុងទីក្រុង ភ្នំពេញ ប្រជាពលរដ្ឋអាចទាក់ទងទូរស័ព្ទមកលេខៈ 023 52 11 888៕