(ភ្នំពេញ)៖ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ដែលប្រមាថអាយុជីវិតសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្ដេច នៅលើបណ្ដាញសង្គម Facebook នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមច្បាប់។

បន្ទាប់ពីបានបញ្ជូនទៅតុលាការ នៅខណៈពេលនេះដែល មន្ដ្រីនគរបាលរូបនោះ កំពុងស្ថិតក្រោមការសួរនាំពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

សូមរំលឹកថា មន្ដ្រីនគរបាលឈ្មោះ លាង ឡា ពាក់ស័ក្ដិ៣ មានតួនាទីជានាយរងផ្នែក នៃការិយាល័យគណនេយ្យនាយកដ្ឋានភស្ដុភារ និងសម្ភារបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ ដែលបានសរសេរប្រមាថអាយុជីវិតសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេច នៅលើបណ្ដាញសង្គម Facebook នោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។

លោក លាង ឡា ដែលប្រើគណនី Facebook ឈ្មោះ Leala Leang ដែលបានកាត់តរូបសម្តេចតេជោ និងរូបខ្លួនឯងលើ Profile ពាក់ផ្កាយ៥ និងសរសេរថា សហនាយករដ្ឋមន្រ្តីទី១ និងទី២ បានចូលទៅ comment នៅក្នុងទំព័រ Facebook របស់សម្ដេចតេជោ ហ៊ុន សែន ដោយប្រើពាក្យប្រមាថធ្ងន់ៗទៅលើសម្ដេច និងគ្រួសារ៕