(ភ្នំពេញ)៖ បន្ទាប់ទទួលបានការណែនាំពីលោក​ ពេញ​ ធារម្យ​ ប្រធានសាខាកាំកុងត្រូលចុងទីភ្នំពេញ​​​ នៅថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ​​២០១៧នេះ​ លោក​ គង់​ វុទ្ធី​ អនុប្រធានកាំកុងត្រូល បានដឹកនាំមន្រ្តីកាំកុងត្រូលផែស្ងួត ​សហការជាមួយគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារ​អូឬស្សី ក្នុងខណ្ឌ៧​មករា ដោយបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ទៅលើ យីហឺចំនួន០៧គំរូ និង​បបែលងៀត ចំនួន០៨គំរូ​។

លោក​ គង់​ វុទ្ធី​ បានបញ្ជាក់ ថាក្នុងប្រតិបត្តិការចុះពិនិត្យនេះ​ ជាលទ្ធផល​បានរកឃើញសារធាតុគីមីហាមឃាត់ (បូរ៉ាក់) នៅក្នុងបបែលងៀត ត្រូវបានដកហូត មានទម្ងន់៦០,៩០គីឡូក្រាម ហើយបានហៅអាជីវករទៅធ្វើកិច្ចសន្យាបញ្ឈប់ការទទួលលក់ នៅផលិតផលដែលមានលាយគីមីបន្ថែម ហើយជំនាញធ្វើការស្រាវជ្រាវរកប្រភពនាំចូលបន្តតាមនិតីវិធី។

យ៉ាងណាមិញ លោកបានធ្វើការណែនាំដល់អាជីវករ និងសួររកប្រភពនាំចូលពីវៀតណាម ហើយបាន​ផ្សព្វផ្សាយ អប់រំ ដល់អាជីវករ អ្នកប្រើប្រាស់ឲ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារ​។

​ជាចុងក្រោយ មន្ត្រីកាំកុងត្រូល បានអំពាវនាវដល់​អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិន មុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមីហាមឃាត់​ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕