(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខមាលភាព ជូនប្រជាពលរដ្ឋជាអ្នកទទួលទាន នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោមការណែនាំពីលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្ត មន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក លិ វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូលខេត្ត សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ​ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យនៅតាមហាងលក់ទំនិញ និងម៉ាតនានា ដែលដាក់តាំងលក់នូវផលិតផល ម្ហូបអាហារប្រេងខ្យង និងទំនិញផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់​ដល់សុខភាពអ្នកប្រើប្រាស់ ក្នុងន័យដើម្បីធ្វើការទប់ស្កាត់ ការតាំងលក់ ចែកចាយ ការនាំចូលផលិតផលប្រេងខ្យងម៉ាក Yuan's ពីក្រៅប្រទេស ក្នុងខេត្ត​ទាំងមូល។

លោក លិ វុត្ថា បានឲ្យដឹងថា គោលបំណងនៃការចុះអង្កេតនេះ ដោយផ្អែកទៅលើការណែនាំ​របស់អគ្គនាយកដ្ឋានកាំកុងត្រូល អនុសាសន៍របស់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល បានណែនាំដល់មន្ត្រីកាំកុងត្រូលគ្រប់សាខាទាំងអស់ទូទាំងប្រទេស ឲ្យធ្វើការត្រួតពិនិត្យទំនិញជាផលិតផលម្ហូបអារហារ តាមទីផ្សារជាប្រចាំ ដើម្បីធានាសុខភាពជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។

​ជាពិសេសទៀតនោះ ដោយយោងតាមរបាយការណ៍ ពីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសាធារណៈ ស្តីពីការកឃើញសារធាតុគីមីហាមឃាត់ (Propyl Para Hydroxy Penzoate) ប្រើក្នុងផលិតផលម្ហូបអាហារ មាននៅក្នុងផលិតផល គ្រឿងផ្សំ ប្រេងខ្យងម៉ាក Yuan's ជាសារធាតុគីមីសម្រាប់ថែរក្សា ផលិតផលឲ្យមានអាយុកាលវែង និងហាមប្រើក្នុងផលិតផលម្ហូបអារហារ​។

លោកប្រធានទីផ្សារ បានបញ្ជាក់ថា​ បន្ទាប់ពីការចុះត្រួតពិនិត្យតាមបណ្តាហាងលក់ទំនិញ និងម៉ាតនានារួចមក ជាលទ្ធផល ពុំបានប្រទះឃើញទំនិញដែលមានសារធាតុគីមីហាមឃាត់ទាំងនេះ នៅលើទីផ្សារនោះទេ។

ជាមួយគ្នានេះដែរ មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ​បានអំពាវនាវ ដល់បងប្អូនអាជីវករ ក៏ដូចជាតាមបណ្តាម៉ាតតូចធំ និងផ្សារទំនើបនានា មេត្តាយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យផលិតផលឲ្យបានច្បាស់លាស់ មុននឹងដាក់តាំងលក់ឲ្យបងប្អូនប្រជាពលរដ្ឋ ទិញយកទៅបរិភោគ ហើយត្រូវចូលរួម​សហការជាមួយ មន្ត្រីកាំកុងត្រូល បើសិនមានជនណា ឬក៏ក្រុមហ៊ុនណា ហ៊ានបន្លំយកផលិតផលក្លែងក្លាយខូចគុណភាព ហួសសុពលភាពប្រើប្រាស់ និងមានផ្ទុកសារធាតុគីមី យកមកលក់ និងចែកចាយនោះ សូមរាយការណ៍ និងទាក់ទងមកកាន់ មន្ត្រីកាំកុងត្រូលជាបន្ទាន់ ដើម្បីងាយស្រួលការចុះទប់ស្កាត់ និងហាមឃាត់ភ្លាមៗ៕