(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការចុះបង្ក្រាប ទីតាំងស្តុកឈើធំៗចំនួន២ទីតាំង ស្ថិតនៅចំណុចភូមិពូត្រំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាលទ្ធផលនោះកម្លាំងសមត្ថកិច្ច បានរកឃើញឈើប្រមាណជិត១០ម៉ែត្រគូប។

លោកអភិបាលខេត្តក៏បានច្រានចោល ចំពោះសេចក្តីរាយការណ៍ពីដំបូងថា ឈើដែលត្រូវចុះបង្ក្រាបនោះមានរហូតដល់​ជាង១០០ម៉ែត្រគូប​ឯណោះ ពោលតាមការប៉ាន់ស្មាន​នោះ គឺឈើខាងលើមានប្រហែលជិត១០ម៉ែត្រូគូបតែប៉ុណ្ណោះ។

លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា «អ្នកដែលបានផ្តល់ព័ត៌មានថា រកឃើញឈើរហូតដល់ជាង១០០ម៉ែត្រគូបនោះ មិនពិតទេ តាមការជាក់ស្តែងនោះ ឈើមិនដល់១០ម៉ែត្រគូបផងទេ។ ចំពោះសេចក្តីរាយការណ៍នេះ ចៀសវាងធ្វើឲ្យមតិសាធារណជន និងថ្នាក់ដឹកនាំខាងលើមានការយល់ច្រឡំ»

មិនខុសពីអភិបាលខេត្ត ចំពោះលោក ចឹង សុចន្ថា អភិបាលរងខេត្ត ទទួលបន្ទុកផ្នែកបង្រ្កាបបទល្មើសខេត្ត ក៏បានប្រាប់ផងដែរថា បន្ទាប់ពីយើងចុះបង្ក្រាប និងប៉ាន់ស្មានទៅនោះឃើញថា ឈើមិនដល់ជាង១០០ម៉ែត្រគូបឡើយ មានប្រហែលជិត១០ម៉ែត្រគូបប៉ុណ្ណោះ ដូច្នេះសូមកុំឲ្យមានការយល់ច្រឡំ។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងផងដែរថា ឈើដែលសមត្ថកិច្ចចុះបង្រ្កាបបានចប់ ហើយតាមការប៉ាន់ស្មានឈើ ដែលមានហើយជំនាញបរិស្ថាន កំពុងធ្វើការដឹកជញ្ជូនមករក្សាទុក នៅមន្ទីរប្រហែលក្រោម១០ម៉ែត្រគូបតែប៉ុណ្ណោះ ជាក់ស្តែងកំពុងដឹកជញ្ជូន។ លោក អ៊ុ វណ្ណសុភៈ នាយផ្នែករដ្ឋបាលព្រៃឈើក្រុងសែន បានប្រាប់ថា ឈើដែលបានបង្រ្កាបនោះ មានទំហ៊ំជាម៉ែត្រគូបមិនដល់១០ម៉ែត្រគូបនោះឡើយ។

លោក វុធ សារ៉ុម មន្រ្តីនៃនមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ដែលចុះបង្រ្កាបក្នុងករណីនោះ ក៏បានបញ្ជាក់ថា «នៅពេលនេះមន្រ្តីកំពុងធ្វើការដឹជញ្ជូនមករក្សាទុកនៅមន្ទីរបរិស្ថាន
ខេត្តបានចំនួន២គោយន្តច្នៃហើយ បើគិតទាំអស់ប្រហែលជាមានចំនួនមិនដល់១០ម៉ែត្រគូបទេ ដោយសាឈើនោះមាន ច្រើនប្រភេទពេក។ ឈើនោះមានចាប់ពីប្រវែង២តឹក រហូតដល់ជាងមួយម៉ែត្រ ហើយចំនួនម៉ែត្រគូបពិតប្រកដជំនាញ និងធ្វើការវាស់វែងនៅពេលបន្តិចទៀតនេះ»។

សូមបញ្ជាក់ថា ទីតាំងប្រមូលទិញស្តុកឈើដ៏ធំ ប្រចាំខេត្តមណ្ឌលគិរី ចំនួន២កន្លែង ដើម្បីនាំចេញទៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ច ចំរុះចុះឡោមព័ទ្ធ តាំងពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងក្រុមការងារស្រាវជ្រាវ ទប់ស្កាត់បង្ក្រាបបទល្មើស ធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបរថយន្តដឹកឈើ។ ប្រតិបត្តិការចុះឡោមព័ទ្ធ និងបង្ក្រាបកន្លែងស្តុកឈើ២កន្លែងធំៗខាងលើនេះ បានធ្វើឡើងនៅចំណុចភូមិពូត្រំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ោ ហេង ភេទប្រុស អាយុ១៨ ឆ្នាំ ត្រូវជាប្អូនថ្លៃឈ្មួយដ៏ល្បី ឈ្មោះប្រចាំខេត្តមណ្ឌលគិរី គួយ សុឃុន ជាម្ចាស់ទីតាំងស្តុកឈើ៕