(ភ្នំពេញ)៖ ប្រជាពលរដ្ឋរាប់សិបគ្រួសាររស់នៅក្នុងសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ដូចជា រស់នៅក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានសម្ដែងការងឿងឆ្ងល់ចំពោះក្រុមហ៊ុនឯកជនមួយ ដែលទទួលម៉ៅការសាងសង់ ស្ពានថ្មឆ្លងអូរ១ខ្សែប្រវែងកន្ទុយអណ្ដើកសោះ ប្រើរយៈពេលជាង១ឆ្នាំកន្លងមកហើយ ប៉ុន្តែដូចជាមិនទៅមុខសោះ មានការយឺតយ៉ាវមិនទាន់រួចរាល់ទៀត។

ការដែលស្ថាបនាមិនទាន់រួចនេះ បានធ្វើឲ្យពួកគាត់រាប់សិបគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលមិនអាចឆ្លងកាត់បានទេ ពោលគ្មានផ្លូវសម្រាប់ធ្វើដំណើរឡើយ ជាពិសេស រថយន្តដឹកកម្មករ-កម្មការិនីទៅធ្វើការមិនអាចឆ្លងបានឡើយ។ ម្យ៉ាងទៀតកាន់តែព្រួបារម្ភនោះ គឺជិតដល់ពេលមានទឹកធំមកដល់ហើយ ដែលត្រូវប្រឈមចំពោះការធ្វើដំណើរ។ ប្រជាពលរដ្ឋទាំងនេះបានស្នើសុំទៅកាន់អង្គភាពពាក់ព័ន្ធទាំងអស់ ជួយពន្លឿនការស្ថាបនាស្ពានថ្មមួយនេះឲ្យបានឆាប់ផង។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ស្ពានថ្មដែលកំពុងធ្វើការសាងសង់នេះ មានទីតាំងស្ថិតនៅភូមិដូនរ័ត្ន សង្កាត់ ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមផ្លូវលំមួយខ្សែដែលបែកចេញពីផ្លូវបែកចានភ្នំប្រសិទ្ធិ ជាប់ព្រំប្រទល់ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ពីអតីតកាលជាស្ពានថ្មដែរ ប៉ុន្តែដោយវាមានសភាពចាស់ទ្រុឌទ្រោមផង និងមានលក្ខណៈតូចចង្អៀតផង មិនអាចប្រើប្រាស់បានតទៅទៀត ម្យ៉ាងដោយសារតែ មានការធ្វើចរាចរណ៍ច្រើន ជាពិសេសមានរថយន្តដឹកកម្មករ-កម្មការិនីបើកឆ្លងកាត់ច្រើនរាល់ថ្ងៃផងនោះ ទើបមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានសម្រេចចិត្តវាយចោលដោយសាងសង់ស្ពានថ្មីឡើងវិញ ដែលតាមដឹងមន្ទីរខាងលើបានបង្វែរផែនការនេះ ទៅឲ្យមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ជាអ្នករ៉ាប់រង ក្នុងការសាងសង់ស្ពាន។

ប្រជាពលរដ្ឋបានបន្តថា មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ បានម៉ៅការទៅឲ្យក្រុមហ៊ុនមួយជាអ្នកសាងសង់ ប៉ុន្តែតាមការពិនិត្យមើលសកម្មភាព របស់ក្រុមហ៊ុនដែលទទួលម៉ៅការ ក្នុងការសាងសង់ស្ពាននោះ ហាក់មានការយឺតយ៉ាវ មិនទៅមុខទាល់តែសោះ ជាង១ឆ្នាំកន្លងមកហើយ។ តាមការប៉ាន់ស្មានបានប្រហែល ប្រមាណជាង៤០ភាគរយតែប៉ុណ្ណោះ។ នេះជាសញ្ញាមួយបង្ហាញថា មានភាពយឺតយ៉ាវហើយ បើនៅតែបែបនេះទៀត មិនអាចហើយរួចរាល់ទាន់ពេលទឹកឡើងធំនោះឡើយ ព្រោះនៅពេលទឹកធំមកដល់ ពួកគាត់គ្មានផ្លូវ សម្រាប់ធ្វើដំណើរទេ ជាពិសេសរថយន្តដឹកកម្មកររោងចក្រ មិនអាចឆ្លងកាត់បានឡើយ ផ្លូវ និងត្រូវកាត់ ផ្ដាច់នៅត្រឹមស្ពាននោះ។

ដោយឡែក សព្វថ្ងៃការធ្វើដំណើរទៅនិងមកបាន គឺដោយសារតែគេបានធ្វើផ្លូវវាង បណ្ដោះអាសន្នមួយខ្សែ ក្បែរការដ្ឋានស្ពាននោះតែប៉ុណ្ណោះ ប៉ុន្តែបើទឹកអូរជន់ឡើងធំ ផ្លូវវាងនោះ បើមិនត្រូវទឹកលិចទេ ក៏ត្រូវគេកាយចេញវិញដែរ ដើម្បីបើកមុខទឹកកុំឲ្យស្ទះលិចស្រូវស្រែរាប់ពាន់ហិចតាឯណោះ។

ទន្ទឹមនិងនេះ បងប្អូនប្អូនប្រជាពលរដ្ឋខាងលើ បានស្នើរសុំឲ្យមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជួយពន្លឿនរុញច្រានក្រុមហ៊ុនម៉ៅការសាងសង់មួយនោះ ធ្វើយ៉ាងណា កុំឲ្យស្ពឹកស្រពន់បែបនេះខ្លាំងពេក ដើម្បីឲ្យឆាប់ហើយរួចរាល់បានប្រើប្រាស់ មុនពេលទឹកអូរជន់ហើយ ពួកគាត់អស់ក្ដីកង្វល់តទៅទៀតផង៕