(សៀមរាប)​៖ ចាប៉ីដងវែងខ្នាតយក្ស ដែលផលិតឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមការជ្រោមជ្រែង របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅនេះ ត្រូវបានដង្ហែទៅរក្សាទុកក្នុងបរិវេណសាលាខេត្តបាត់ដំបង ក្នុងផ្ទះបុរាណសម័យលោកម្ចាស់ ឈុំ អភ័យវង្ស (កថាថន) និងបានធ្វើពិធីប្រគល់ជូនដោយជោគជ័យ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នា២០១៧​។

ការសម្រេចដង្ហែចាប៉ីដងវែងខ្នាតយក្ស ដែលបានបំបែកឯកទគ្គកម្មថ្នាក់ជាតិ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ទៅរក្សាទុកនៅក្នុងខេត្តបាត់ដំបងនៅពេលនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការឯកភាពពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្របពេលដែលខេត្តបាត់ដំបង ក៏ជាខេត្តមួយដែលសម្បូណ៌ទៅដោយបេតិកភណ្ឌជាតិ ជាច្រើនផងដែរ។

លោកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌ខេត្តបាត់ដំបង បានឲ្យដឹងថា ការទទួលបានចាប៉ីដងវែងខ្នាតយក្សនៅពេលនេះ គឺជាកិត្តិយសមួយដ៏ធំធេងរបស់ខេត្តបាត់ដំបង។ លោកស្រីថា «ខ្ញុំពិតជារីករាយដែលខេត្តបាត់ដំបង​ បានទទួលចាប៉ីដងវែងដ៏ធំនេះ។ ចាប៉ីនេះ នឹងត្រូវដាក់ជូនបងប្អូនប្រជាពលរដ្ឋទូទៅចូលទស្សនា ដើម្បីឲ្យពួកគាត់កាន់តែស្រឡាញ់កេរមរតករបស់ដូនតាយើង ហើយចូលរួមថែរក្សាឲ្យបានគង់វង្សតទៅ»

ជាមួយគ្នានោះ លោក សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងភូមិខ្ញុំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ​បានបញ្ជាក់ថា ​ការកសាងចាប៉ីដងវែងខ្នាតយក្ស ដាក់តាំងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅនេះ គឺដើម្បីអបអរសាទរដែលចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូនាទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកបន្ថែមថា ការដង្ហែចាប៉ីដងវែងខ្នាតធំមករក្សាទុកក្នុងខេត្តបាត់ដំបងនេះ នឹងធ្វើឲ្យធ្វើប្រជាពលរដ្ឋកាន់តែច្រើន មានការចាប់អារម្មណ៍ ស្រឡាញ់ និងរួមចំណែកថែរក្សាបេតិកភណ្ឌនេះបានគង់វង្សយូរអង្វែង។ ជាមួយគ្នានេះ លោក​បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ច័ន្ទ សុផល និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ស រដ្ឋា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលរក្សាទុកចាប៉ីដងវែងខ្នាតធំនេះ ក្នុងអាគារបុរាណដែលមានអាយុកាលជាង១០០ឆ្នាំ។

សូមបញ្ជាក់ថា ចាប៉ីដងវែងខ្នាតធំ ដែលបានដាក់តាំងបង្ហាញក្នុងបរិវេណភូមិខ្ញុំ​ នៅថ្ងៃអង្គរសង្រ្កាន្ត និងបានដង្ហែមករក្សាទុកក្នុងខេត្តបាត់ដំបងនេះ មានប្រវែង១០ម៉ែត្រកន្លះ មានតួស្នូកទទឹងប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និងកម្រាស់ ៦០សង់ទីម៉ែត្រ ហើយដងចាប៉ីដែលមានប្រវែង៧,៧០ម៉ែត្រ។ ចំណែកស្នូកធ្វើអំពីឈើកុំប្លាកេ និងខ្សែចាប៉ីធ្វើអំពីខ្សែជ័រទំហំ៨៥សង់ទីម៉ែត្រ, ប្រលួតចំនួន៣ ដែលមានទំហំ ១៨សង់ទីម៉ែត្រ និងបណ្តោយប្រវែង១,០៥ម៉ែត្រ ត្រូវបានរចនាក្បូរក្បាច់យ៉ាងប្រណីត៕