(ស្វាយរៀង)៖ ប្រជាពលរដ្ឋ និងសហគមន៍ចិញ្ចឹមជ្រូកនៅក្នុងខេត្តស្វាយរៀង បាននាំគ្នាលើកឡើងថា បច្ចុប្បន្ននេះការចិញ្ចឹម​ជ្រូក​របស់ពួកគាត់កំពុងជួបផលលំបាកយ៉ាងខ្លាំង ដោយសារមានការនាំជ្រូកមកកម្ពុជាពីប្រទេស​វៀតណាម ច្រើនពេក​ដែលនាំឲ្យមិនសូវមានឈ្មួញមករកទិញតាមផ្ទះ ដូចកាលពីមុនឡើយ។ តាមមន្រ្តី និងប្រជាពលរដ្ឋថ្លែងថា ពួកគេបានបោះបង់ការចិញ្ចឹមជ្រូកចោលរហូតដល់ជាង៦០ភាគរយហើយ។

អ្វីដែលគួរព្រួយបារម្មណ៍នោះ គឺខាងក្រសួងកសិកម្ម បានចេញច្បាប់ឲ្យមានការនាំជ្រូកពីប្រទេសជិតខាង មកកម្ពុជាជាពិសេសយកមកចែកចាយនៅក្នុងខេត្តស្វាយរៀង មានចំនួនច្រើនដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋចិញ្ចឹមជ្រូក ហើយគ្មានអ្នកទិញទៀតផង។

លោក កឹម ផល ជាអ្នកចិញ្ចឹជ្រូកសហគមន៍នៅភូមិជាសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានឲ្យដឹងថា លោកចិញ្ចឹមជ្រូក១៧ក្បាល ក្នុងពេលបច្ចុប្បន្ននេះ ខុសប្លែកកាលពីមុន ដែលអាចចិញ្ចឹមដល់៣០ទៅ៤០ក្បាលឯនោះ។ លោកបានបន្តទៀតថា ពេលដែលចិញ្ចឹមជ្រូកធំបានផលនោះ បែរជាគ្មានទីផ្សារទៅវិញ ហើយខុសពីឆ្នាំមុនៗ ដែលមានឈ្មួញមករកទិញដល់ផ្ទះ និងលក់បានតម្លៃថ្លៃគួរសមដោយក្នុង១គីឡូបាន៧៥០០រៀល ដល់៩០០០រៀល។

លោក ផល បានបន្តទៀតថា បច្នុប្បន្ននេះជ្រូកធ្លាក់ថ្លៃយ៉ាងខ្លាំង ស្ទើតែមិនគ្រប់ថ្លៃទិញចំណីជ្រូកផង។ ម្យ៉ាងវិញទៀតនោះ ពេលមានឈ្មួញមករកទិញ គេទម្លាក់ថ្លៃដោយទិញ១គីឡូ៥០០០រៀល ដល់៦០០០រៀល។ ចំណែកលោក សុខ មុខរបរកសិករ និងជាអ្នកចិញ្ចឹមជ្រូកផងដែរនោះ បានប្រាប់ថា លោកស្ទើតែលែងចិញ្ចឹមទៅហើយ ពីព្រោះរយះពេលប៉ុន្មានថ្ងៃនេះ ឃើញមានឈ្មួញមកដឹកជ្រូកចេញពីវៀតណាម ឆ្លងកាត់តាមមុខផ្ទះរបស់គាត់ ទាំងយប់ទាំងថ្ងៃតាមរថយន្តជាង១០គ្រឿងក្នុង១ថ្ងៃៗ។

លោកបានបន្តទៀតថា បើក្រសួងនៅតែបន្តឲ្យឈ្មួញដឹកជាហូរហែដូច្នេះទៀតនោះ ច្បាស់ជាខេត្តស្វាយរៀង លែងមានអ្នកចិញ្ចឹមជ្រូកទៀតហើយ។ បើតាមលោក នាង ចន្ថា ប្រធានសហគមន៍ចិញ្ចឹមខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងផងដែរថា នៅតាមការដ្ឋានចិញ្ចឹមជ្រូក និងកសិករចិញ្ចឹមជាលក្ខណៈគ្រួសារ បានផលហើយ ជ្រូកគ្មានទីផ្សារលក់ចេញនោះទេ។ លោកបានបន្តថា សរុបក្នុងខេត្តស្វាយរៀងទាំងមូល កកស្ទះជ្រូកនៅតាមកសិដ្ឋានចិញ្ចឹមជ្រូក រួមនិងកសិករចិញ្ចឹមលក្ខណៈគ្រួសារ ប្រហែលជិត៧ម៉ឺនក្បាលឯណោះ។

ជាមួយគ្នានេះ លោកក៏សូមសំណូពរដល់រាជរដ្ឋាភិបាលកម្ពុជា ជួយទប់ស្តាត់ការនាំសត្វជ្រូក ចូលមកពីប្រទេសជិតខាងផង ដើម្បីឲ្យជ្រូកខ្មែរយើងមានតម្លៃ និងក៏អាចកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាកសិករ ដែលខំចិញ្ចឹមបាន។

ពាក់ព័ន្ធករណីខាងលើនេះដែរលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម បសុព្យាបាលខេត្តស្វាយរៀង បានប្រាប់ថា ពលរដ្ឋបានបោះបង់ការចិញ្ចឹមជ្រូក ពិតជាមានមែនហើយ ដែលកត្តាបោះបង់ការចិញ្ចឹមជ្រូកនេះ មូលហេតុមកពីការទិញកូនជ្រូកមកចិញ្ចឹមមានតម្លៃដើមថ្លៃ និងកត្តារួមផ្សំដូចជា ចំណីជ្រូក ក៏នៅតម្លៃខ្ពស់ផងដែរ។ មួយទៀត ការចិញ្ចឹមបានលក់ហើយ តែគ្មានទីផ្សារជាពិសេសមានការអនុញ្ញាតពីក្រសួងកសិកម្មឲ្យមានការនាំចូលជ្រូកចូលតាមច្រកព្រំដែន ខេត្តស្វាយរៀងច្រើនពេក យកមកលក់ពាសពេញខេត្ត ដែលនាំឲ្យជ្រូករបស់កសិករគ្មានទីផ្សារបែបនេះ។

លោកបន្តថា «ទោះបីជាកសិកររបស់យើងបោះបង់ការចិញ្ចឹមតាមគ្រួសារច្រើនបន្តិចក្តី តែការតាមកន្លែងប្រមូលផ្តុំ និងកសិដ្ឋាននានានៅក្នុងខេត្ត នៅតែមានការចិញ្ចឹមដើម្បីរង់ចាំ ការផ្អាកការនាំជ្រូកចូល ពីប្រទេសជិតខាងដែរ។ ទាក់ទងទៅផលិតផលជ្រូកដែរ ក្រុមកសិករផលិត ចិញ្ចឹមបាន និងប្រឈមកង្វះទីផ្សារ លោក មៀគ ឆវណ្ណរុន ប្រធានមន្ទីរពាណិជ្ជកម្ម បានប្រាប់ថា បញ្ហាទីផ្សារជ្រូកធ្លាក់ចុះថ្លៃថោកនោះ មន្ទីរបស់លោក បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងសហគមន៍ អ្នកផលិតនៅគ្រប់តំបន់ ដើម្បីរកទីផ្សារជ្រូករួចរាល់ហើយ តែមិនបានដោយសារប្រទេសជិតខាងយើង គេផលិតបានច្រើនដូចយើងដែរ ដោយតម្លៃផលិតរបស់គេមានតម្លៃទាបជាងយើង ទើបគេអាចលក់តម្លៃថោក ក៏បានចំណេញ នេះជាទីផ្សារសេរី បើទំនិញណាលក់ថោក អ្នកទិញច្បាស់ជាសម្រុកទៅទិញរបស់នោះ យកមកប្រើប្រាស់ក្នុងជីវភាពរបស់គេ»