(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ការសម្រេចរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការដាក់ទណ្ឌកម្មដោយដកតំណែង និងបន្ថយស័ក្តិរបស់លោក លឹម ចំណាន ធ្វើឡើងទៅតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ មិនមែនធ្វើឡើងព្រោះតែមានការរិះគន់ពីមហាជននោះទេ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ថា តាមសំណើរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្ដេចក្រឡាហោម ស ខេង បានសម្រេចដាក់វិន័យ លោក លឹម ចំណាន ៣ រូបភាព ទី១៖ ធ្វើការព្រមានជាផ្លូវការ និងហាមដាច់ខាតមិនឲ្យមានការប្រព្រឹត្តខុសឆ្គងនេះជាថ្មីម្ដងទៀត, ទី២៖ បន្ថយឋានន្តរស័កពីវរសេនីយ៍ទោ មកវរសេនីយ៍ត្រី និងទី៣៖ ដកឋានៈរបស់លោក លឹម ចំណាន ពីនាយរងការិយាល័យចរាចរណ៍ផ្លូវ មកជាមន្រ្តីនគរបាលធម្មតា។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ដែរថា អគ្គស្នងការដ្ឋាននគរបាលជាតិមិនបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះទេ ប៉ុន្តែអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវតែអនុវត្តព្រោះថា លោក លឹម ចំណាន ជាកងកម្លាំងនគរបាលហើយបានប្រព្រឹត្តខុស ទើបចាត់ចែងធ្វើការស្រាវជា្រវដោយមិនមានពាក្យបណ្ដឹង។

លោកអគ្គស្នងការរងនគរបាលជាតិរូបនេះ បានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មទៅលើលោក លឹម ចំណាន គឺធ្វើឡើងទៅតាមវិន័យរបស់ កងកម្លាំងនគរបាលជាតិ ពោលគឺមិនបានធ្វើតបទៅនឹងការរិះគន់របស់មហាជន និងការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មាននានានោះឡើយ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបន្តទៀតថា កន្លងមកសម្ដេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ នេត សាវឿន តែងតែក្រើនរឭក ណែនាំ គ្រប់ពេល គ្រប់ប្រជុំទាំងអស់ពីគោលការណ៍របស់នគរបាលជាតិ គឺមិនមានកាន់ជើងនរណា និងមិនមានការយល់យោគចំពោះកូនអ្នកធំ អ្នកតូចនោះទេ ពោលអនុវត្តន៍វិន័យដោយស្មើភាពចំពោះអ្នកប្រព្រឹត្តខុសច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៥៨នាទី លោក លឹម ចំណាន បានបើករថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 មួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ១។ លុះមានបើកជិតដល់បុរីប៉េងហួតបឹងស្នោរ ក្នុងទិសដៅស្របទិសគ្នាជាមួយរថយន្តមួយគ្រឿងទៀត បានបើករថយន្តជែងខាងស្តាំ ហើយប៉ះជាមួយរថយន្តមួយគ្រឿងទៀត ប៉ះកញ្ចក់ ហើយមិនព្រមឈប់ដោះស្រាយនោះឡើយ បែរជាបង្អង់ល្បឿនរថយន្តបើកញ្ចក់បាញ់មួយគ្រាប់គំរាម ម្ចាស់រថយន្តដែលប៉ះគ្នានោះ ហើយបើកគេចខ្លួនតែម្តង។

មួយថ្ងៃបន្ទាប់នៃហេតុការណ៍នេះ វីដេអូបង្ហាញពីសកម្មដ៏អាក្រក់នៅក្នុងសង្គមត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតតាមបណ្តាញព័ត៌ មាន និងបណ្តាញសង្គមផងដែរ។ ព័ត៌មាននៃការបាញ់បោះក្នុងរឿងគ្រោះថ្នាក់ចរាចរបង្កឡើងដោយលោក លឹម ចំណាន ធ្វើឲ្យមហា ជនរិះគន់យ៉ាងខ្លាំង។

ក្រោយរងការរិះគន់នេះ លោក លឹម ចំណាន ក៏បានចូលទៅបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ ២០១៧ ហើយក៏បានទទួលស្គាល់នូវទោសកំហុសរបស់ខ្លួនផងដែរ។

តែទោះជាយ៉ាងណា មហាជនក៏បានសម្តែងការសាទរផងដែរ ចំពោះចំណាត់ការរបស់សម្តេចក្រឡាហោម ស ខេង ទៅលើមន្រ្តីនគរបាល លឹម ចំណាន។ មហាជនចាត់ទុកចំណាត់ការនេះថា គឺជាសារព្រមានទៅដល់មន្រ្តីនគរបាលដទៃទៀត ឲ្យបញ្ឈប់សកម្មភាពបាញ់បោះដែលការស្អប់ខ្ពើមរបស់ប្រជាពលរដ្ឋខ្មែរ៕