(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ១ការិយាល័យ ក្នុងឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាវេលាម៉ោង ២៖០០នាទី រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្ដីការ គ.ជ.ប។

បើតាមលទ្ធផលបោះឆ្នោតបឋម ដែលចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំក្លែង គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៨៣២សំឡេង ជាអ្នកឈ្នះ ១សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតចំនួន ៨៣១សំឡេង។

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ គ.ជ.ប ក៏បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ២៣ការិយាល័យ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈកំពុងរាប់សន្លឹកឆ្នោតឡើងវិញនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ជជែកគ្នាឡើងតឹងសរសៃកជាបន្តបន្ទាប់។ ក្រោយបើកការប្រជុំសម្រេចស្ទើរពេញមួយព្រឹក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបង្ហាញលទ្ធផលផ្លូវចុងក្រោយថា គណបក្សប្រជាជនកម្ពុជាទទួលបាន ២,៦១១សំឡេង ឈ្នះ២សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានតែ ២,៦០៩សំឡេង និងបិទផ្លូវតវ៉ាតែម្ដង។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា មកដល់ថ្ងៃអង្គារនេះ ថ្នាក់ជាតិរបស់ គ.ជ.ប បានទទួលបណ្ដឹងប្រមាណ ៤០បណ្ដឹងហើយ ពីគណបក្សនយោបាយមួយចំនួន ហើយភាគច្រើនជាបណ្ដឹងសុំរាប់សន្លឹងឆ្នោតឡើងវិញ។

សូមជម្រាបថា គ.ជ.ប នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យចំនួន ៩ការិយាល័យ ក្នុងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង នៅព្រឹកស្អែកផងដែរ មុនការរាប់សន្លឹកឆ្នោតឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំនេះ៕