(ភ្នំពេញ)៖ ករណីរាប់សន្លឹកឆ្នោតឡើងវិញ ដែលបញ្ជូនពីការិយាល័យបោះឆ្នោតទាំង២៣ ស្ថិតនៅឃុំដូង ស្រុករមាសហែក​ ខេត្តស្វាយរៀង នៅទីស្ដីការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កឲ្យតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដំឡើងសរសៃកដាក់គ្នា ប៉ុន្តែទីបំផុតនៅល្ងាចថ្ងៃច័ន្ទនេះ ការរាប់ឡើងវិញបានបង្ហាញលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះ៧សម្លេង។

លទ្ធផលបឋមទើបរាប់ចប់មុននេះបន្តិចបង្ហាញថា៖ CPP 2587 / CNRP 2580 ។

សូមជម្រាបថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យ បោះឆ្នោតចំនួន ២៣ការិយាល័យ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោយពីមានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ របស់គណបក្សសង្គ្រោះជាតិ ដោយសារតែ មិនអស់ចិត្តទៅនឹងលទ្ធផលរាប់សន្លឹកឆ្នោត នៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត (PEC ខេត្តស្វាយរៀង)៕