(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញសួរសុខទុក្ខកុមារ កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងនាំយកថវិកា ជាង១ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យ។

ការចុះសួរសុខទុក្ខ និងជូនថវិកានាពេលនេះ គឺដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជួយសង្គ្រោះជីវិតកុមារកម្ពុជា ទើបសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកនូវថវិកាមួយចំនួនឧបត្ថដល់មន្ទីរពេទ្យនេះ។

ថវិកាដែលបានផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នាពេលនេះមានចំនួន១ម៉ឺនដុល្លារអាមេរិក។ ចំណែក លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សៀមរាប និងលោកស្រី គួយ ណាលីន ថវិកា ២ពាន់ដុល្លារអាមេរិក, លោកស្រី ទោម ចន្ថា សមាជិការកមូលនិធីទ្រទ្រង់សកម្មភាពមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបថវិកា ១លានរៀល។

លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ពីការ យកចិត្តទុក្ខដាក់ពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរដល់សុខទុក្ខ និង ការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេស បងប្អូនប្រជាពលរដ្ឋមានកូនតូច ក្រីក្រ មានជំងឺច្រើន ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរជាមន្ទីរពេទ្យ បានព្យាបាលជំងឺកុមារ អាយុក្រោម ១៦ឆ្នាំ និងបានបើកដំណើរការ ព្យាបាល តាំងពីឆ្នាំ១៩៩៩មកដោយមិនយកថវិកានោះទេ៕