(ភ្នំពេញ)៖ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ប.ស.ស) បានឱ្យដឹងថា ប.ស.ស បានចេញសេចក្តីណែនាំដល់ កម្មករ-កម្មការិនី ដែលជាសមាជិកនៃ ប.ស.ស ថា ពេលទៅសម្រាលកូននៅមន្ទីរពេទ្យ ពួកគាត់នៅតែទទួលបានប្រាក់ដំណាច់ប្រចាំថ្ងៃ រយៈពេល៩០ថ្ងៃ ចំនួន ៧០% និងទទួលបានប្រាក់ឈ្នួលពីនិយោជក ៥០% សរុបចំនួន ១២០%។

តាមរយៈសេចក្តីណែនាំ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ គ្រប់សមាជិក ប.ស.ស ទាំងអស់ ទទួលបានសេវាសម្រាលកូន និងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ទោះមន្ទីរពេទ្យមិនទាន់បានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ក៏ដោយ។

លោកបានលើកឡើងថា គិតរហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០១៧នេះ បេឡាជាតិរបបសន្តិសុខសង្គម បានចុះបញ្ជិកាផ្នែកថែទាំសុខភាពបានចំនួន ៧០៣រោងចក្រ មានកម្មករប្រមាណ ៧៩ម៉ឺននាក់។

ក្នុងមួយខែៗ កម្មករទៅទទួលសេវាថែទាំសុខភាពដោយឥតគិតថ្លៃពីមន្ទីរពេទ្យចំនួន ១,២៧៨មន្ទីរពេទ្យ ហើយ ប.ស.ស បានចំណាយថវិកាជាង ១០០លានរៀល ជារៀងរាល់ខែសម្រាប់ទូទាត់ដល់មន្ទីរពេទ្យ និងឧបត្ថមប្រាក់ដំណាច់ប្រចាំថ្ងៃដល់កម្មករ និងក្រុមគ្រួសាររបស់កម្មករ៕