(ភ្នំពេញ)៖ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលហៅកាត់ថា សាលាក្តីខ្មែរក្រហម នឹងបើកសវនាការធ្វើសេចក្តីសន្និដ្ឋាន ផ្ទាល់មាត់ ដើម្បីបិទបញ្ចប់កិច្ចពិភាក្សាដេញដោល លើសំណុំរឿង​០០២/០២ ប្រឆាំងនឹងជនជាប់ចោទ ខៀវ សំផន និង នួន ជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ​២០១៧។

លោក នេត្រ ភក្ត្រា ​មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះថា សវនាការនេះ មានរយៈពេល​៨​ថ្ងៃ ហើយបន្ទាប់ពីបញ្ចប់សវនាការនេះ នឹងចំណាយពេលវេលាពិនិត្យលើសំណុំរឿងដែលបានជំនុំជម្រះ ហើអង្គជំនុំជម្រះសាលាដំបូងនឹងចេញសាលក្រមលើសំណុំរឿង ០០២/០២ នៅក្នុងពេលវេលា ​សមស្របនាពេលខាងមុខ។

លោក នេត្រ ភក្ត្រា​ ​បានឲ្យដឹងថា ​សវនាការនេះ នឹងផ្តល់ពេលវេលាដល់ភាគីពាក់ព័ន្ធនានា លើកឡើងអំពីទឡ្ហីករណ៍ផ្ទាល់មាត់ ជុំវិញសំណុំរឿងនេះ ដោយចាប់ផ្តើមដំបូង ដោយសហមេធាវីនាំមុខ តំណាងដើមបណ្តឹងរដ្ឋប្បវេណីមានរយៈពេល​១ថ្ងៃ សហព្រះរាជអាជ្ញាមានរយៈពេល​២​ថ្ងៃ ក្រុមមេធាវីការពារក្តីមានរយៈពេល៣-៥ថ្ងៃ។

អង្គជំនុំជម្រះសាលាដំបូង នឹងទុកពេលវេលា១ថ្ងៃសម្រាប់ការធ្វើសេចក្តីសន្និដ្ឋាន តបរបស់ភាគីពាក់ព័ន្ធនានា ហើយរយៈពេលមួយព្រឹក សម្រាប់ការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ របស់ជនជាប់ចោទ ដែលគ្រោងនឹងធ្វើឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមសារណាបញ្ចប់កិច្ចពិភាក្សាដេញដោល លើអង្គហេតុនៅក្នុងសំណុំរឿង ០០២/០២ ដែលបានដាក់ជូនអង្គជំនុំជម្រះសាលាដំបូងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧​កន្លងទៅ សហព្រះរាជអាជ្ញាជាតិ លោកស្រី ជា លាង និងសហព្រះអាជ្ញាអន្តរជាតិលោក នីកូឡា គុំជាន បានលើកឡើងថា ដោយសារតែពិចារណាឃើញ អំពីភាពធ្ងន់ធ្ងរ នៃអំពើឧក្រិដ្ឋកម្មដែលបានបង្កនូវភាពរងទុក្ខវេទនា ខ្លោចផ្សារសម្រាប់ប្រជាជាតិទាំងមូល បង្កឲ្យមានការ ស្លាប់ជីវិតមនុស្សជាច្រើនលាននាក់ គឺព្រះរាជអាជ្ញា សូមស្នើឲ្យផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចំពោះជនជាប់ចោទ នួន ជា និង ខៀវ សំផន។

​នេះគឺជាការស្នើសុំឲ្យមានការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតជាលើកទី២ បន្ទាប់ពី នួន ជា និងខៀវ សំផន ត្រូវបានរកឃើញថាមានពិរុទ្ធភាព នៅក្នុងសំណុំរឿង ០០២/០១ លើឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងការជម្លៀសប្រជាជនដោយបង្ខំ ត្រូវបានអង្គជំនុំជម្រះតុលាការកំពូល សម្រេចតម្កល់សាលក្រមអង្គជំនុំជម្រះ សាលាដំបូងផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត។

ដោយឡែកសម្រាប់ក្រុមមេធាវីនាំមុខ តំណាងដើមបណ្តឹងរដ្ឋប្បវេណី បានលើកឡើង នៅក្នុងសារណារបស់ខ្លួនថា គាំទ្រចំពោះអ្វីដែលសហព្រះរាជអាជ្ញាលើកឡើង និងស្នើឲ្យអង្គជំនុំជម្រះពិនិត្យលើអង្គច្បាប់ ចំពោះអ្វីដែលសហព្រះរាជអាជ្ញាបានលើកឡើង។ ជាមួយគ្នានេះ សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានស្នើសុំឲ្យទទួលស្គាល់នូវការបង្ហាញភស្តុតាង របស់ដើមបណ្តឹងរដ្ឋប្បវេណី​ព្រមទាំងការរងទុក្ខវេទនា របស់ជនរងគ្រោះ និងសម្រេចផ្តល់សំណង ក្នុងករណីជនជាប់ចោទរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មដែលចោទប្រកាន់។

រីឯក្រុមមេធាវីការពារក្តី នួន ជា និងខៀវ សំផន តាមឯកសារដែលបានលេចធ្លាយកន្លងមក បានលើកឡើងថា កូនក្តីរបស់ខ្លួនមិនមែន​ ជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែលកើតឡើងឡើយ និងបានស្តីបន្ទោសទៅលើវៀតណាម ដែលធ្វើឲ្យការកសាងប្រទេសមួយរបស់ខ្មែរក្រហម ឲ្យទៅជារដ្ឋមួយឯករាជ្យ និងវិបុលសុខត្រូវ​បានបរាជ័យ។ ​ដូចទៅនឹងក្រុមមេធាវី នួន ជា ដែរ, ក្រុមមេធាវីខៀវ សំផន បានថ្លែងថា កូនក្តីរបស់ខ្លួនគួររកឃើញថា មិ​នមានកំហុសចំពោះបទឧក្រិដ្ឋកម្មដែលបានចោទ ប្រកាន់ដោយស្នើឲ្យ អង្គជំនុំជម្រះសាលាដំបូង ទម្លាក់ការចោទប្រកាន់ប្រឆាំងកូនក្តីខ្លួន៕