(សៀមរាប)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានណែនាំបុគ្គលិកធនាគារជាតិសាខាខេត្តសៀមរាបទាំងអស់ ឲ្យពង្រឹងស្មារតីយកចិត្តទុកដាក់ លើការងារបន្ថែមទៀត ដើម្បីអភិវឌ្ឍប្រព័ន្ធធនាគារឲ្យកាន់តែរីចម្រើន។

ការណែនាំនេះត្រូវបានធ្វើឡើង ក្នុងឱកាសដែលលោកបានចុះជួបសំណេះសំណាល​ជាមួយបុគ្គលិកធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាប ដើម្បីពិនិត្យអំពីស្ថានភាពទូទៅ និងប្រតិបត្តិការនៃធនាគារ ដើម្បីចូលរួម​ចំណែកអភិវឌ្ឍធនាគារឲ្យកាន់តែរីកចម្រើន នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ។

នាឱកាសនេះលោកនាយកសាខា បានរាយការណ៍ស្តីអំពីស្ថានភាពទូទៅនៃប្រតិបត្តិការរបស់សាខា និងស្ថានភាពប្រព័ន្ធធនាគារ​នៅក្នុងខេត្តទាំងមូលជាពិសេសនៅឆមាសទី១ ឆ្នាំ២០១៧នេះ។

លោកទេសាភិបាល ក៏បានផ្ដល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើមួយចំនួនដល់មន្ត្រី-បុគ្គលិក​​ធនាគារជាតិ​នៃកម្ពុជាសាខាខេត្តសៀមរាប ឱ្យចេះគោរពពិន័យការងារ បទបញ្ជាផ្ទៃក្នុង គោរពតាមលក្ខន្តិកៈមន្ត្រី-បុគ្គលិក និងពង្រឹងស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការងារ ត្រូវតាមដានគ្រប់ប្រតិបត្តិការប្រព័ន្ធធនាគារទាំងមូល ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែក​រក្សាស្ថិរភាព និង​អភិវឌ្ឍប្រព័ន្ធធនាគារនៅខេត្តសៀមរាប ឱ្យកាន់​តែរីកចម្រើនបន្ថែមទៀត៕