(ក្រចេះ)៖ បុរសម្នាក់បានស្លាប់ដោយសាពុលត្រីកំពត និង២នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចស្រែពង្រ ភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដោយសារពុលត្រីកំពត ទី១៖ ឈ្មោះ អំ ភេន ភេទប្រុស អាយុ៣៨ឆ្នាំ បានស្លាប់បាត់បងជីវិត ជនរងគ្រោះទី២៖ ឈ្មោះ ច្រឹង ហោះ ភេទប្រុស អាយុ៤២ឆ្នាំ ពុលធ្ងន់ធ្ងកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ និងទី៖៣ ឈ្មោះ អំ ថេន ភេទប្រុសអាយុ៤១ឆ្នាំ ពុលស្រាលកំពុងសង្គ្រោះនៅមន្ទីរពេទ្យអ្នកទាំងបី រស់នៅភូមិ ឃុំកើតហេតុខាងលើ។

លោកស្រី ជា លី អធិការរងព្រហ្មទណ្ឌស្រុកចិត្របុរី បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះមានគ្នាចំនួន៥នាក់ បានជុំគ្នាផឹកស៊ីហើយ​បានយកត្រីកំពត ដែលទើបតែរកបានពីបឹង យកមកធ្វើសាច់ក្លែមទើបបណ្តាលឲ្យពុលស្លាប់បុរសម្នាក់ និងបុរស់២នាក់ទៀតកំពុងសង្គ្រោះប​ន្ទាន់នៅមន្ទីរពេទ្យស្រុក ហើយមនុស្ស២នាក់ ទៀតក្នុងចំណោមអ្នកផឹកស៊ីទាំង៥នាក់មិនបានក្លែមត្រីកំពត នោះទេទើបមិនបណ្តាល ឲ្យពុលដូចអ្នកទាំង៣ខាងលើ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច្ច័យបានបញ្ជាក់ថា ជនរងគ្រោះពិតជាពុលត្រីកំពតពិតមែន ហើយបានប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕