(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ការសាកសួរជនដៃដល់ដែលជាអ្នកបើករថយន្ត​​បាឡែន ​​ពាក់​​ស្លាក​​លេខ ​​ភ្នំពេញ ​​2AM​​-​​2762 និងជាអ្នកបាញ់ប្រហារទៅលើ ប្រជាពលរដ្ឋ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាលរួចហើយ,

ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមិថុនា យ៉ាងដូច្នេះថា «ជនដៃដល់ដែលមានឈ្មោះ លឹម​ ចំណាន ​តួនាទី​ជា​នាយរង​ការិយាល័យ​ចរាចរណ៍ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកណ្តាល បានទទួលសារភាពកំហុស ចំពោះការប្រព្រឹត្តរបស់ខ្លួន។ ហើយចំពោះករណីនេះ នឹងសម្រេចអនុវត្តតាមបទបញ្ជារបស់នគរបាលជាតិគឺ ដោយពិន័យព្រមានលើកទី១ ដែលជាលិខិតព្រមានពីអគ្គស្នងការនគរបាលជាតិ និងដកហូតអាវុធមិនឲ្យប្រើប្រាស់ ព្រមទាំងបញ្ឈរជើងការងារ»។

ពាក់ព័ន្ធនឹងករណីដ៏រសើបដែលមហាជនកំពុងតាមដានរឿងនេះ បានសម្តែងការសោកស្តាយចំពោះការដាក់ត្រឹមពិន័យចំពោះជនដៃដល់នេះ គួរមានចំណាត់ការបញ្ជូនសំណុំរឿងទៅតុលាការ។ កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា «អំពើល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ទោះជននោះជាមន្ត្រី អនុវត្តច្បាប់ក៏ដោយ»។

នៅព្រឹកមិញនេះស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រាប់បណ្ដាញសារព័ត៌មាន ​Fresh News ឲ្យដឹងថា ជនល្មើសដែលបាន បើកបុក និងបាញ់គំរាមមួយគ្រាប់ មកលើរថយន្ដរបស់ប្រជាពលរដ្ឋ​នៅតាមដងផ្លូវនោះ ត្រូវបានសមត្ថកិច្ចជំនាញរបស់លោក បញ្ចប់ការសួរនាំរួចហើយ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំនោះ ជនល្មើសបានសារភាព និងទទួលស្គាល់ពីកំហុសរបស់ខ្លួន ហើយដោយមានការណែនាំផ្ទាល់ពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជនល្មើសរូបនេះ ត្រូវបានបញ្ជូនទៅអង្គភាពរបស់ខ្លួនគឺស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងដាក់ទោសពិន័យរបស់កងកម្លាំងនគរបាលជាតិ។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីយើងបានធ្វើកំណត់ហេតុ ជនបង្កបាន សារភាព ពីហេតុផលនៃការវ៉ាជែង និងការផ្ទុះអាវុធមួយគ្រាប់នោះហើយ ហើយម្យ៉ាងទៀត គឺយើងរង់ចាំដល់ម៉ោង១២នេះ យើងមិនទាន់បានឃើញ ជនរងគ្រោះចូលរួមដោះស្រាយទេ ហើយខ្ញុំសុំគោលការណ៍ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួចនាយឧត្តមសេនីយ៍ ឲ្យបញ្ជូនជនបង្កទៅឲ្យស្នងការនគរបាលខេត្តកណ្ដាល ដោយសារស្នងការនគរបាលខេត្តកណ្ដាល បានដកអាវុធរបស់ជនបង្កទុកហើយ ហើយយើងនឹងបញ្ជូន ជនបង្កនេះដោយឲ្យឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌ ដឹកជនល្មើសទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កណ្ដាល ហើយរថយន្ដជនបង្កក៏ត្រូវបាននគរបាលព្រហ្មទណ្ឌ បើកយកទៅឲ្យស្នងការខេត្តកណ្ដាល ដើម្បីចាត់ការនីតិវិធីច្បាប់ និងលក្ខន្តិកៈ នៃវិន័យរបស់កងកម្លាំងនគរបាលជាតិ»។

សូមបញ្ជាក់ថា ជុំវិញករណីកូនប្រុសមន្រ្តីជាន់ខ្ពស់ ក្រសួងមហាផ្ទៃមួយរូប ដែលជាម្ចាស់រថយន្តស្លាកលេខ ភ្នំពេញ 2AM-2762 ដែលបើកប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាមទៀតនោះ ត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានសង្កត់ធ្ងន់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា បើទោះជននោះជាមន្រ្តីអនុវត្តច្បាប់ក៏ដោយ បើប្រព្រឹត្តអំពើល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។

សូម​​ជំរាប​​ថា ​​នៅ​​ថ្ងៃទី១០ ​​ខែមិថុនា ​​ឆ្នាំ២០១៧ ​​វេលា​​ម៉ោង១៧៖​​៥៨នាទី ​​មាន​​ករណី​​ដ៏​​សាហាវ​​មួយ​​បាន​​កើតឡើង​​នៅ ​​នៅ​​តាម​​បណ្តោយ​​ផ្លូវជាតិ​​លេខ១​ ​​ជិត​​បុរី​​ប៉េង​​ហួត​​បឹង​​ស្នោ​​រ​ ​​ដោយ​​រថយន្ត​​បាឡែន ​​ពណ៌ទឹកមាស ​​ពាក់​​ស្លាក​​លេខ ​​ភ្នំពេញ ​​2AM​​-​​2762 ​​មួយ​​គ្រឿង ​​ក្នុង​​ទិសដៅ​​ស្របគ្នា ​​បាន​​ជិះ​​វ៉ា​​ខាងស្តាំ ​​ហើយ​​ប៉ះ​​ជាមួយ​​រថយន្ត​​មួយ​​គ្រឿង​​ទៀត​​មិនព្រម​​ឈប់ ​​បែរជា​​បង្អង់​​ល្បឿន ​​បើ​​កញ្ចក់​​រថយន្ត​​បាញ់​​មួយ​​គ្រាប់​​គម្រាម ​​និង​​បើក​​រត់គេច​​ខ្លួន​​បាត់​​៕