(តាកែវ)៖ កម្លាំងអាវុធហត្ថស្នាក់ការ២០១ ប្រចាំផ្លូវជាតិលេខ២ នៅក្នុងខេត្តតាកែវ បានស្ទាក់ចាប់ និងបង្ក្រាបក្រុមចោរលួចរថយន្តចំនួន២នាក់ បន្ទាប់ពីពួកគេបានលួចរថយន្ត របស់ប្រជាពលរដ្ឋមួយគ្រឿង នៅម្តុំវត្តសន្សំកុសល ខណ្ឌមានជ័យ នាព្រឹកទៀបភ្លឺថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។

មេបញ្ជាការអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា ជនសង្ស័យ​ ប្រុសស្រី២នាក់ បានលួចរថយន្តពីម្តុំវត្តសន្សំកុសល រាជធានីភ្នំពេញ មកខេត្តតាកែវ​ ត្រូវបានអាវុធហត្ថស្នាក់ការ២០១ ប្រចាំផ្លូវជាតិលេខ២ ឃាត់បាន ព្រមទាំងដកហូតរថយន្តរបស់ជនរងគ្រោះ មកវិញម៉ាក Camry ឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2H-0692។

បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ បន្ទាប់ពីស្ទាក់ចាប់បានហើយ កម្លាំងរបស់លោកបានសហការជាមួយកម្លាំងអាវុធ​ហត្ថរាជធានី​ភ្នំពេញ ដើម្បីទាក់ទងទៅជនរងគ្រោះ មកទទួលយករថយន្តទៅវិញផងដែរ។ សម្រាប់ជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសួរនាំ​ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕


ជនរងគ្រោះជាម្ចាស់រថយន្ត អញ្ជើញទៅយករថយន្តមកវិញ