(ភ្នំពេញ)៖ គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ក្រោមទុន ៣៥០លានដុល្លារ លើដងវិថី ២០០៤ ចាប់ផ្ដើមសាងសង់ហើយ បន្ទាបពីប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីម្សិលមិញនេះ ដែលនឹងនាំមកនូវរចនាបថ គុណភាពសំណង់ និងលំនៅឋានបែបបៃតង ក្នុងកម្រិតមួយដែលគេពុំធ្លាប់ឃើញពីមុនមកក្នុងរាជធានីភ្នំពេញ ។

គម្រោងអភិវឌ្ឍន៍លើផ្ទៃដីទំហំ ៣.២ ហិកតា ដែលស្ថិតក្នុងខ័ណ្ឌសែន សុខ ភាគខាងលិចរាជធានី ស្ថិតនៅតាមដងផ្លូវ ២០០៤ នឹងមានការសាងសង់អគារខុនដូ ១៨ ជាន់ចំនួន ៦ អគារ ដែលស្ថិតនៅជុំវិញអាងហែលទឹកមួយ និងបរិក្ខាលំហែកាយផ្សេងៗទៀត ហើយគម្រោងនេះស្ថិតនៅចំទីតាំងដ៏ល្អឥតខ្ចោះជិតនឹងសាលារៀនល្បីៗ និងមន្ទីរពេទ្យល្អៗនៃព្រះរាជាណាចក្រកម្ពុជាថែមទៀត ។

លោកស្រី ខៀវ សរស៊ីលៀប អគ្គនាយិកាប្រតិបត្តិទូទៅ នៃក្រុមហ៊ុនអ័រគីដេ វីឡា បានថ្លែងថា៖ «ខ្ញុំមានក្តីរំភើបក្រែលែង ដែលបានឃើញគម្រោងអ័រគីដេ  ដឹរ៉ូយ៉ាល់ខុនដូមីនីម បានបញ្ចុះបឋមសិលា ចាប់ផ្ដើមដំណើរការសាងសង់នាថ្ងៃនេះ ហើយគម្រោងនេះមិនត្រឹមតែមានអត្ថន័យ សម្រាប់ក្រុមហ៊ុនអ័រគីដេ វីឡា និងអនាគតម្ចាស់លំនៅឋាននេះប៉ុណ្ណោះទេ ប៉ុន្តែក៏មានន័យសម្រាប់ប្រទេសកម្ពុជាផងដែរ»។

ពិធីបញ្ចុះបឋមសិលាកាលពីថ្ងៃទី១១មិថុនានេះ ក៏មានការបង្ហាញនូវ ខុនដូប្រភេទ Duplex ដែលមានពីរជាន់ និងបន្ទប់គេងចំនួនប្រាំ ដែលបច្ចុប្បន្ន ចាប់ផ្ដើមលក់ហើយ ដោយកម្រិតនៃការរចនា ការសាងសង់ និងការរស់នៅបែបសមាហរណភាព ដែលម្ចាស់លំនៅដ្ឋាននឹងទទួលបាន គឺគ្មានគម្រោងណាអាចប្រៀបផ្ទឹមបានឡើយនៅកម្ពុជា ហើយនឹងច្របាច់បញ្ចូលគ្នា នូវបរិយាកាសធម្មជាតិដ៏មហស្ចារ្យ សម្រាប់ការរស់នៅ ។

ការសាងសង់កំពុងដំណើរការដោយក្រុមហ៊ុន China Construction (SEA) (Cambodia) ហើយរាល់ចំណុចល្អិតនៃការងារទាំងអស់ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនដ៏ល្បីល្បាញឈ្មោះ Archetype Group ដែលធ្លាប់បានគ្រប់គ្រងលើការសាងសង់សណ្ឋាគារលំដាប់កំពូលៗ គម្រោងលំនៅដ្ឋាន និងព្រលានយន្តហោះនៅក្នុងប្រទេសកម្ពុជា ។ជាលើកដំបូងហើយនៅកម្ពុជា ដែលក្រុមហ៊ុននេះ បានរ៉ាប់រងលើរចនាបថទាំងមូល និងការគ្រប់គ្រងគម្រោង ដើម្បីធានាថា គម្រោងអ័រគីដេ ឌឹ រ៉ូយ៉ាល់ ខុនដូ មានគុណភាពល្អបំផុត ក្នុងគ្រប់ដំណាក់កាលនៃដំណើរការសាងសង់ ។

ក្នុងចំណោមបន្ទប់ខុនដូទាំង១,៥០០ យូនីត មាន៤០% ហើយដែលត្រូវបានលក់អស់ ដែលក្នុងនោះអតិថិជនដែលបានជាវ គឺមានប្រជាជនកម្ពុជាចំនួន ៩៥% ។ នេះបើតាមការពន្យល់របស់លោកបណ្ឌិត សេង ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកលក់ ។

លោកបានឲ្យដឹងផងដែរថា៖ «គម្រោងអ័រគីដេ  ដឹរ៉ូយ៉ាល់ខុនដូមីនីម ត្រូវបានផ្ដោតលើទីផ្សារក្នុងស្រុក ហើយយើងចង់ឲ្យប្រជាពលរដ្ឋមានសេចក្តីរីករាយពិតៗ ក្នុងការរស់នៅក្នុងខុនដូថ្មីរបស់ខ្លួន ជាជាងជាវគ្រាន់តែសម្រាប់ការវិនិយោគ ។ ទន្ទឹមនឹងនេះ បរិក្ខាលំហែកាយ ផ្សារទំនើប ភោជនីយដ្ឋាន និងការតុបតែងផ្សេងៗត្រូវបានរចនាយ៉ាងល្អឥតខ្ចោះ ដើម្បីតម្រូវទៅតាមការនិយមចូលចិត្ត និងតម្រូវការរបស់ប្រជាជនក្នុងស្រុក ហើយទន្ទឹមនឹងនេះ ក៏ជំរុញអភិវឌ្ឍកម្រិតទឹកដៃស្ថាបត្យកម្មសម្រាប់កម្ពុជាផងដែរ» ។

គម្រោងអ័រគីដេ ឌឹ រ៉ូយ៉ាល់ ខុនដូ ជាគម្រោងស្នូល របស់គម្រោងអ័រគីដេ វីឡា  ដឹរ៉ូយ៉ាល់ខុនដូមីនីម ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យពហុបំណងលើផ្ទៃដីទំហំ៣៦ហិកតា ស្ថិតនៅតាមដងផ្លូវ ២០០៤ ។ ក្រៅពីខុនដូដែលមាន ១,៥០០យូនីត ក៏មានផ្ទះលក់ទំនិញចំនួន២២៤ល្វែង និងផ្ទះវីឡាជិត១,០០០ខ្នង ថែមទៀត។ បន្ថែមលើទីធ្លាលំហែសម្រាប់ពលរដ្ឋរស់នៅ និងទីតាំងអាងហែលទឹកធំៗនានា ក្នុងសួន ឌឹ រ៉ូយ៉ាល់ ក៏នៅមានធ្លារឆ្នេរខ្សាច់ ផ្សារទំនើបលំដាប់អន្តរជាតិទំហំ៣,២០០០ម៉ែត្រការ៉េ និងសួនច្បារដែលមានដំបូលផងដែរ៕