(កំពត)៖ បុរសម្នាក់ស្រវឹងស្រាទៅដេកលើផ្លូវរថភ្លើង ត្រូវបានរថភ្លើងបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខ្ទាតដាច់ដៃចេញ ចម្ងាយប្រមាណ៥០ម៉ែត្រ នៅលើផ្លូវរថភ្លើង ​ចំណុចផ្លូវបំបែក ចូលទៅវត្តអណ្តូងប្រេង ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​ ឈ្មោះ កន សាវឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជាបុរសពោះម៉ាយ មានកូន៤នាក់ មានទីលំ នៅភូមិអូរតូច សង្កា់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

នគរបាលដដែល បន្តថា ក្នុងយប់មុនកើតហេតុ ថ្ងៃទី១១ មានពិធីមង្គលការ កូនអ្នកស្រុកនៅក្បែរកន្លែងកើតហេតុ ហើយកាលពីក្បាលព្រលប់ ​ជនរងគ្រោះបានផឹកស្រាស្រវឹង លុះចន្លោះម៉ោង៣ទៅម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១២ មានរថយភ្លើងមួយខ្សែ រត់ពីភ្នំពេញទៅខេត្តព្រះស៊ីហនុ។ ដល់ព្រឹកឡើង ទើបគេប្រទះឃើញសពជនរងគ្រោះ ត្រូវរថភ្លើងកិនស្លាប់នៅលើផ្លូវទៅហើយ ក្រោយពីប្រជាពលរដ្ឋរាយការ ទៅនគរបាលប៉ុស្តិ៍ឲ្យមកពិនិត្យ។

កម្លាំងសមត្ថកិច្ចជំនាញក្រុងក៏ចុះមកពិនិត្យ ដល់កន្លែងកើតហេតុ ហើយបានសន្និដ្ឋានថា ជនរងគ្រោះ កំពុងអង្គុយបត់ជើងធំលើផ្លូវ ​រថភ្លើងក្នុងស្ថានភាពស្រវឹងផង ក៏របៀបបាត់បង់ការចងចាំម្តងៗ បណ្តាលឲ្យរថភ្លើងបើកមកមិនចាប់អារម្មណ៍ បណ្តាលឲ្យកិនស្លាប់តែម្តង។ ពីព្រោះគេពិនិត្យមើលកន្លែងកើតហេតុ គេឃើញជនរងគ្រោះស្រាតខោបត់ជើងធំ និងឃើញលាមកនៅក្បែរសាកសព​ នៅពេលរថភ្លើងកិនហើយ សាកសពនៅកន្លែងបត់ជើងប៉ុន្តែដាច់ដៃខាងឆ្វេងមួយកំណាត់ ត្រូវអូសចម្ងាយពីសាកសព ប្រហែលជាង៥០ម៉ែត្រ ខាងលិចសាកសព។

បើតាមប្រភពព័ត៌មានពីអ្នកស្រុកបានឲ្យដឹងថា ជនរងគ្រោះ ជាមនុស្សធ្លាប់បានបួសរៀនត្រឹមត្រូវ ក្រោយពីលាចាកសក្ខាបទ ម្តាយឪពុកបានរៀបចំការប្រពន្ឋឲ្យ (មិនបានចាំឆ្នាំ) ក្រោយពីរៀបការ រស់នៅជាមួយប្រពន្ឋ រហូតមានកូន៤នាក់ ប្រុស២នាក់។

ជនរងគ្រោះក៏មានវិវាទក្នុងគ្រួសារត្រូវលែងលះគ្នា ទោះបីតុលាការមិនទាន់កាត់ក្តី ក៏ស្រ្តីខាងប្រពន្ឋឲ្យប្តីចុះចេញពីផ្ទះ ហើយប្រពន្ឋក៏យកប្តីថ្មីមករស់នៅលើផ្ទះ ធ្វើឲ្យបុរសរងគ្រោះជាប្តី ចាប់ផ្តើមខូចចិត្តចេះផឹកស្រា តាំងពីពេលនោះមក រហូតបាត់បង់ការចងចាំ ស្ទើរតែពាក់កណ្តាលវិញ្ញាណ​ នៃការដឹងខុសត្រូវទៅហើយ នាពេលកន្លងមក។ ហើយសព្វថ្ងៃបុរសរងគ្រោះ មករស់នៅជាមួយម្តាយចាស់ជរា នៅភូមិអូរតូចខាងលើ។ ​ចំណែកកូនៗទាំង៤នាក់ រស់នៅជាមួយប្រពន្ឋ ដែលយកប្តីក្រោយ។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ច បានប្រគល់សាកសព ជូនទៅក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕