(រតនគិរី)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង​នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថ​លើផ្ទៃប្រទេស បានចូលរួមបើកវគ្គបំប៉ននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៅ​ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តរតនគិរី​។

​ពិធីនេះក៏មានការចូលរួមពី ​លោកវរសេនីយ៍ឯក Guillerm Michael (ហ្គីយៀម មីកាអែល) ទីប្រឹក្សាអាវុធហត្ថជាតិបារាំង អម​បញ្ជាការដ្ឋានអាវុធហលើផ្ទៃប្រទេស និងយោធាចារ្យមកពីប្រទេសបារាំង ព្រមទាំងលោកប្រធានសាលាដំបូង, លោកព្រះរាជអាជ្ញា, លោកមេបញ្ជាការអាវុធហត្ថខេត្ត, សិក្ខាកាមមកពីអាវុធហត្ថ​រាជធានីភ្នំពេញចំនួន៥នាក់, កំពង់ចាម៣នាក់, ត្បូងឃ្មុំ៣នាក់, ក្រចេះ៣នាក់, មណ្ឌលគិរី៣នាក់, ស្ទឹងត្រែង៣នាក់ និង​ខេត្តរតនគិរី១៣នាក់។

​លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថ​ខេត្តរតនគិរី បានបញ្ជាក់ថា លោកមានក្តីសោមនុស្សរីករាយយ៉ាងក្រៃលែង ចំពោះវត្តមានគណអធិបតី និងគណប្រតិភូអមដំណើរទាំងអស់ ដែលបានផ្តល់កិត្តិយសសម្រាប់អង្គភាពអាវុធហត្ថ​ខេត្តរតនគិរី ជាប្រធានគណៈគ្រប់គ្រងវគ្គ។

សូមបញ្ជាក់ថា វគ្គបំប៉ននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រឆ្នាំ២០១៧នេះ មានគ្រូឧទ្ទេសនាមយោធាចារ្យជំនាញមកពីប្រទេសបារាំង ដោយសិក្សាមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែ​មិថុនា ឆ្នាំ២០១៧ ដោយផ្តោតសំខាន់ទៅលើខ្លឹមសារមេរៀនចំនួន៣ ដូចជាទី១៖ត្រួតពិនិត្យកន្លែងកើតហេតុ, ទី២៖ករណីអំពើលួច និងទី៣៖ករណីឃាតកម្ម និងរំលោភសេពសន្ធវៈ៕