(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសទីតាំងថ្មី១កន្លែងទៀត សម្រាប់អ្នកចុះឈ្មោះចូលរួម​ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៧ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ គឺទីតាំងមុខព្រះបរមរាជរាំង ដែលនឹងទទួលពាក្យចាប់ពីថ្ងៃទី១០-១៥ ខែមិថុនានេះ។ នេះបើតាមការបញ្ជាក់ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការបន្ថែមទីតាំងចុះឈ្មោះថ្មីក្នុងរយៈពេលជិត១សប្ដាហ៍នេះ គឺដោយសារគណៈកម្មការរៀបចំ​កម្មវិធីចង់ឲ្យអ្នកចុះឈ្មោះហើយ និងអ្នករៀបនឹងមកចុះឈ្មោះ បានស្គាល់ពីកន្លែងចាប់ផ្ដើមកម្មវិធី ព្រោះមុខព្រះបរមរាជរាំង គឺជាទីតាំងចេញដំណើរនៃទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ក៏ដូចជាកន្លែងផ្ដល់អាវ និងលេខសម្គាល់ខ្លួន សម្រាប់ការចូលរួមផងដែរ។

ដោយហេតុនេះ លោកបានធ្វើការអំពាវនាវឲ្យអ្នកមិនទាន់បានចុះឈ្មោះ រួសរាន់មកចុះឈ្មោះ នៅមុខព្រះបរមរាជរាំង ឬទីតាំង ៤កន្លែងផ្សេងទៀត ដែលបានទទួលពាក្យតាំងពីដើមឆ្នាំ ដូចជាទីតាំងទីស្នាក់ការ NOCC, Cambodia Events Organizer, Skechers និងក្រុមហ៊ុន Smart ជាដើម។ លោកថា ពេលនេះ គណៈកម្មការបានទទួលពាក្យអ្នកចូលរួមជាង ៣,៥០០នាក់ហើយ ដោយក្នុងនោះមានជនជាតិខ្មែរជាង ៣,០០០នាក់ និងជនបរទេសមានជិត ៥០០នាក់ មកពី ៣១ប្រទេសលើពិភពលោក ប៉ុន្ដែទម្រាំដល់ការប្រកួតចាប់ផ្តើម លោករំពឹងមានអ្នកចូលរួម ៥,០០០នាក់ ដែលកើនឡើងពី ១០ ទៅ ១៥% បើធៀបនឹងឆ្នាំមុន។

គួរបញ្ជាក់ថា គោលបំណងនៃការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ពោលគឺរៀបចំឡើង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ នាថ្ងៃទី១៨ ខែមិថុនា ហើយក៏ចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដោយថវិកាទទួលបានពីការចុះឈ្មោះ ហើយសល់ពីការរៀបចំ នឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។ លើសពីនេះ ក៏ចូលរួមចំណែកផ្សព្វផ្សាយពីបរិស្ថានស្អាត ទីក្រុងស្អាត ឲ្យប្រជាពលរដ្ឋបានចូលរួមគាំពារទាំងអស់គ្នា ដែលជាទិសដៅមួយដ៏ធំរបស់ក្រសួងទេសចរណ៍ផងដែរ៕