(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យបោះឆ្នោតចំនួន ២៣ការិយាល័យ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅស្ដីការរបស់ខ្លួន។

ការរាប់សន្លឹកឆ្នោតនៅឃុំដូង បានបង្ហាញថា គណបក្សសង្គ្រោះជាតិទទួលបាន ២,៥៩៩សំឡេង រីឯគណបក្សប្រជាជនកម្ពុជាទទួលបាន ២,៥៩៦សំឡេង គណបក្សប្រជាជនក៏ប្ដឹងទៅ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត (PEC)។ ក្រោយការរាប់នៅ PEC គណបក្សប្រជាជនកម្ពុជា កើនបាន ៦សំឡេង រីឯគណបក្សសង្គ្រោះជាតិ កើនបាន ២សំឡេង ពោលគណបក្សប្រជាជនកម្ពុជា ជាអ្នកឈ្នះវិញ។

គណបក្សសង្គ្រោះជាតិ ក៏បានប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ នៅ គជប ហើយបានបើកការរាប់នៅវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃនេះតែម្ដង។

ដំណើរការនេះ គ.ជ.ប មានការអញ្ជើញចូលរួមសង្កេតមើល ពីក្រុមសារព័ត៌មានជាតិ-អន្តរជាតិ តំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិផងដែរ។

បើតាមលទ្ធផលបោះឆ្នោតបឋម ដែលចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំដូង ដែលមានលេខកូដ ០៣៩ ក្នុងខេត្តស្វាយរៀងនេះ គឺគណបក្សសង្គ្រោះជាតិ ជាអ្នកឈ្នះឆ្នោត ដោយទទួលបានសំឡេងឆ្នោតចំនួន ២,៥៩៩សំឡេង រីឯគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ២,៥៩៦សំឡេង។