(ឧត្តរមានជ័យ)៖ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការឧត្តមសេនីយ៍ ឯក សៀក សុជាតិ បានអំពាវនាវឲ្យប្រធានច្រកទ្វារព្រំដែនគ្រប់ច្រក ទាំងអស់បញ្ឈប់ការឃុបឃិតជាមួយឈ្មួញ​ទុច្ចរិតជួញដូរ​ទំនិញខុសច្បាប់ និងនាំពលករខុសច្បាប់ទៅកាន់ប្រទេសជិតខាង។

ការអំពាវនាវនេះបានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងមុខតំណែងនាយទាហានថ្នាក់នាយករងទីចាត់ការព្រំដែន និងផ្លាស់ប្តូរភារកិច្ចប្រធានច្រកទ្វារមួយចំនួននៅច្រកទ្វារព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា មិនអនុញាតិឲ្យនាយទាហាន ឬពលទាហាននៃកងកម្លាំងការពារព្រំដែនណាម្នាក់ ចូលរួមឃុបឃិតជាមួយឈ្មួញក្នុងការជួញដូរទំនិញ ជួញដូរមនុស្ស នាំពលករខុសច្បាប់ ជួញដូរអាវុធ និងជួញដូរគ្រឿងញៀននោះទេ ហើយបើនាយទាហាន ឬពលទាហានការពារព្រំដែនទាំងអស់ត្រូវតែចាប់រាល់បទល្មើសឲ្យបាន។

លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅតែមានការឃុបឃិតគ្នាក្នុងការនាំពលករ​លួចឆ្លងដែន​ទៅរកការងារធ្វើលើទឹកដីថៃ ដោយខុសច្បាប់ដដែល ដោយមានមេខ្យល់ជាអ្នកនាំផ្លូវ និង មានការឃុបឃិត​ជាមួយ​សមត្ថកិច្ចតាមច្រកព្រំដែន និងច្រករបៀងមួយចំនួនទៀត ដែលគិតតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ។

លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានអំពាវនាវដល់កងកម្លាំងវរការពារព្រំដែនទាំងអស់ត្រូវ​បញ្ឈប់ជាបន្ទាន់នូវទង្វើ​បែបនេះ ដោយបានផ្តាំផ្ញើឲ្យអាជ្ញាធរមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធដែលប្រចាំការនៅតាមច្រករបៀង​ត្រូវរឹតបន្តឹងការពារ​ឲ្យបានតឹងរឹង ព្រោះមានលំហូរមនុស្សឆ្លងដែន និងមានទំនិញចេញចូលនៅតាមបណ្ដាច្រករបៀង ដែលបញ្ហាទាំងអស់នោះ ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់៕