(ពោធិ៍សាត់)៖ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអាវុធហត្ថស្រុក កម្លាំងអធិការស្រុកភ្នំក្រវាញ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោកវរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងអាវុធហត្ថខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួលពីលោក តន់ សីហតេជះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបនឹងរឹបអូសឈើធ្នង់ជាច្រើនដុំ ដែលឈ្នួញរក្សាទុកត្រៀមនាំចេញ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ៤៖៤៥នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រង់ចំណុចផ្ទះមួយកន្លែង ស្ថិតនៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ញឹម នី បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់បានឲ្យដឹងនៅមុននេះថា កម្លាំងលោក បានសហការជាមួយកម្លាំងមូលដ្ឋាន បានចុះបង្ក្រាបនឹងរឹបអូសឈើធ្នង់ប្រភេទធ្នង់២០៧ដុំ ស្មើនឹង ១.៦១ម៉ែត្រគូប។

លោករសេនីយ៍ទោ ញឹម នី បានបញ្ជាក់ថា ឈើទាំងអស់នេះត្រូវបានរឹបអូសពីក្រុមឈ្មួញដែលយកមកលាក់ទុក បម្រុងនាំចេញពេលមានឱកាសល្អណាមួយ។

បច្ចុប្បន្នឈើទាំងអស់បានប្រគល់ទៅឲ្យមន្ត្រីរដ្ឋបាលព្រៃឈើសំរោង យកមករក្សាទុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕