(បាត់ដំបង)៖ លោក ឡោក ហួរ ប្រធានក្រុមការងារចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង លោក កុល វិរក្ស ប្រធានក្រុមការងារថ្នាក់ជាតិ និងលោក រុន រ័ត្នវាសនា ប្រធានក្រុមការងារចុះឃុំអន្លង់វិល ឃុំអូរដំបង១ និងឃុំរការ ស្រុកសង្កែ ព្រមទាំងសហការី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នេះបានអញ្ជើញចុះជួបសំណេះសំណាល ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋតាមបណ្តាឃុំក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានបោះឆ្នោតគាំទ្រ បេក្ខជនក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧កន្លងមកនេះ និងបើកការដ្ឋានជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង៦គីឡូម៉ែត្រក្នុងឃុំអូរដំបង២។

ក្នុងឱកាសនោះ លោក ឡោក ហួរ បានថ្លែងថា តាមរយៈលទ្ធផលឆ្នោតដែលបងប្អូនប្រជាពលរដ្ឋយើងទូទាំងស្រុកសង្កែបានបោះ បានបង្ហាញថា បងប្អូននៅតែចាត់ទុកគណបក្សប្រជាជនកម្ពុជា ជាស្នូលក្នុងការដឹកនាំឆ្ពោះទៅរក​ការអភិវឌ្ឍន៍នៅមូលដ្ឋានកាន់តែប្រសើរឡើងទៀត និងបានផ្តល់ទំនុកចិត្តយ៉ាងច្បាស់ លើបេក្ខជនក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជាដែលមានស្នាដៃលើការងារអភិវឌ្ឍន៍ក្នុងឃុំ, ការរក្សាសុខសន្តិភាព និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ចំណែកការងារ ដែលត្រូវធ្វើបន្តគឺខិតខំចូលរួមជាមួយក្រុមប្រឹក្សាឃុំដែលបងប្អូន បានបោះឆ្នោតជូន ដើម្បីបន្តការងារឲ្យភូមិ ឃុំរបស់យើងមាន ការរីកចំរើនការតែខ្លាំងក្លាថែមទៀត ព្រោះអ្នកធ្វើពិតប្រាដកំពុងតែស្ថិតនៅជាមួយបងប្អូន មិនទៅណាចោលបងប្អូនឡើយ។

លោក ឡោក ហួរ និងក្រុមការងារនៅតែបន្តខិតខំ ជួយដោះស្រាយការលំបាករបស់បងប្អូន ក៏ដូចជាបន្តការងារស្តារ និងកសាងហេដ្ឋារចនាសម្ពន្ធ័ ក្នុងឃុំឲ្យបានសំរេចតាមការគ្រោងទុក ក៏ដូចជាការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហស័ដោយមិនយកកំរៃសេវា និងទប់ស្កាត់បទល្មើសផ្សេងៗ រក្សាសន្តិសុខ សុវត្ថិភាពនៅមូលដ្ឋានឲ្យបានកាន់តែប្រសើរឡើងថែមទៀត៕