(ព្រៃវែង)៖ លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤នេះ សំរាប់ស្រុកកញ្ច្រៀច ខេត្តព្រៃវែង គណបក្សប្រជាជន​កម្ពុជា​ទទួលបានសំឡេងឆ្នោតមានការកើនឡើងគួរអោយកត់សំគាល់ គឺកើនសំឡេងបានជាង៥៣០០សំឡេង ដែលការកើន​ឡើង​សំឡេង​ឆ្នោតនេះ ដោយសារតែប្រជាជនមានការយល់ដឹង​និងជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋា​ភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំជារៀងរហូតមក។

លោក ម៉ក់ ជីតូ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកញ្ច្រៀច តំណាងលោកនេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកកញ្ច្រៀច និងស្រុកស្វាយអន្ទរ រួមជាមួយលោក ស៊ូ សូវុធ ជាសមាជិក និងក្រុមការងារនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំថ្នាក់ដឹកនាំព្រីនស៍ រៀល អ៉ីស្ទេតចុះទៅថ្លែងអំណរគុណ ម្ចាស់ឆ្នោត ដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យ ស្រុកកញ្ច្រៀច ខេត្តព្រៃវែងទាំងមូល កើនសំឡេងជាង៥៣០០សំឡេង។

នៅក្នុងឱកាសចុះសួរសុខទុក្ខ និងអរគុណដល់អ្នកគាំទ្រនេះ លោក ម៉ក់ ជីតូ និងក្រុមការងារក៏បាននាំយក គ្រឿង ឧបភោគបរិភោគ និងថវិកា ចែកជូនសមាជិក សមាជិកាគណបក្ស ដែលអញ្ជើញចូលរួមចំនួន១០០០គ្រួសារដោយ ក្នុង០១គ្រួសារទទួលបានអង្រឹង០១ សារ៉ុង០១ មី០១កេស ទឹកត្រី០១យួរ មីសួរ០១គីឡូក្រាម ប្រេងឆា០១គីឡូក្រាម និងថវិកា១០០០០រៀល ដែលអំណោយនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួល ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកមួយចំណែក។

គួរបញ្ជាក់ថា លោក ម៉ក់ ជីតូ អនុប្រធានការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងក្រុមការងារតែងតែចុះសួរសុខទុក្ខ និងចែកជូនអំណោយ ជាហូរហែរ ទៅដល់ប្រជាពលរដ្ឋរស់នៅក្នុង ស្រុកកញ្ច្រៀច ខេត្តព្រៃវែងដែលជួបបញ្ហាខ្វះខាតជីវភាព៕