(ភ្នំពេញ)៖ បច្ចុប្បន្នរយៈពេលប្រមាណ៥០០ឆ្នាំ ទើបកម្ពុជាបានស្គាល់សុខសន្ដិភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ។ នេះប្រាកដណាស់ គឺបន្ទាប់ពីការធ្លាក់ចុះ នៃអាណាចក្រអង្គរមក។ បើដូច្នេះចំពោះការបែកបាក់នេះ បាននំាឲ្យខ្មែរស្ទើរបាត់ព្រលឹងជាតិ និងវង្វេងវង្វាន់នូវអត្ដសញ្ញាណរបស់ខ្លួនផងដែរ ជាក់ស្ដែងភ្លេង «ពិណពាទ្យ» តែបែរជាខ្មែរហៅថា «ភ្លេងសៀម»ទៅវិញ។ បើហេតុនេះ តើការពិតភ្លេងនេះ មានប្រភពមកពីណា?

ឆ្លើយតបនិងបញ្ហានេះ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ភ្លេង «ពិណពាទ្យ» គឺជាវង់ភ្លេងមួយប្រភេទដែលគេប្រគុំក្នុងពិធីបុណ្យអារក្ស របំាក្បាច់បុរាណខ្មែរ ល្ខោន និងពិធីបុណ្យសាសនាផ្សេងៗទៀត។ ម្យ៉ាងទៀតចំពោះឈ្មោះថា «ពិណពាទ្យ» នេះទៀតសោត គឺមកពីរវង់ភ្លេងនេះមានឧបករណ៍ «ពិណ»និងគង«ពាទ្យ»។ នេះបានសេចក្ដីថាបើរៀបរាប់វង់ភ្លេងនេះកាលដើមទ្បើយ មានឧបករណ៍ដូចជា៖ ពិណ, គង«ពាទ្យ», ខ្សែដៀវ, ខ្លុយ, ឈឹង, ស្រទ្បៃ, ស្គរធំនិងស្គរសម្ភោ។ ជាក់ស្ដែង ចំពោះឧបករណ៍«ពិណ»និងគង«ពាទ្យ»ទំាងនេះ យើងឃើញចម្លាក់នៅតាមប្រាង្គប្រាសាទបន្ទាយឆ្មា បាយ័ន្ដ បាពួន និងអង្គរវត្ដជាដើម។ លុះសំណេរក្រោយមក ឧបករណ៍«ពិណ» ក៏បានបាត់បង់ទៅវិញផងដែរ។

ក្នុងន័យនេះ លោក រត្ន័ សណ្ដាប់ បានបន្ដថាសព្វថ្ងៃ បើទោះបីជាឧបករណ៍បុរាណមួយចំនួនត្រូវបានបាត់បង់ក៏ពិតមែន ពិសេសឧបករណ៍ «ពិណ» ជាដើម ក៏ខ្មែរយើងនៅតែបន្ដហៅថា «ភ្លេងពិណពាទ្យ» នេះដដែល ព្រោះចង់សំដៅឧបករណ៍ «ពិណ» ជាអ្នកនំាមុខក្នុងការប្រគុំដែលមានតំាងពីសម័យព្រេងនាយ មកនេះឯង។

ក្នុងភ្លេង «ពិណពាទ្យ»នេះផងដែរ ហើយត្រូវបានខ្មែរយើងខ្លះហៅថា«ភ្លេងសៀមៗ»នោះ គឺត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថា កត្ដានេះ អាចបណ្ដាមកពីស្រុកទេសយើងជួបប្រទះនូវសង្រ្គាមរុំារ៉ៃអស់ជាច្រើនស.វ. ពិសេសចាប់ពីការធ្លាក់ចុះនៃអារ្យធម៌អង្គរមក ទើបជាហេតុធ្វើឲ្យខ្មែរយើងស្រពិចស្រពិល វង្វេងវង្វាន់ គឺមិនដឹងមួយណាជារបស់ខ្លួន និងមួយណាជារបស់បរទេស។ ចំពោះមូលហេតុចម្បងនៃការវង្វេងនេះគឺបណ្ដាមកពី៖

* ក្នុងសម័យកាលដែលខ្មែរច្របូកច្របល់ ពិសេសសម័យលង្វែកឧដុង្គ គឺសៀមបានប្រម៉ែប្រមូលក្បួនគម្ពឺរច្បាប់ខ្មែរ ហើយក៏បានយកទៅស្រុកគេ ក្នុងនោះមាន៖ ភ្លេងពិណពាទ្យ របំា តន្រ្ដីនិងក្បួនច្បាប់ផ្សេងៗទៀត ពិសេសជាងនេះផងដែរ សៀមមានឥទ្ធិពលមកលើខ្មែរយ៉ាងខ្លំាង។

* សៀម បានប្រើមធ្យោបាយក្នុងការគាស់រំលើងឫសគល់វប្បធម៌ខ្មែរ ដោយយកវប្បធម៌ខ្មែរទៅក្រទ្បៃជារបស់ខ្លួន រហូតអ្នកខ្លះហ៊ានហារមាត់និយាយថា ខ្លួន(សៀម) ជាអ្នកស្ថាបនិកប្រាសាទព្រះវិហារ ថែមទៀតផង។

* ស្ថិតក្នុងកាលៈទេសៈនោះ ខ្មែរយើងបានចុះខ្សោយយ៉ាងខ្លំាង និងបាត់បង់ស្ទើរទំាងអស់នូវធនធានមនុស្ស អ្នកចេះដឹង ជាហេតុនំាឲ្យយើងមានការភាន់ច្រទ្បំ នូវអត្ដសញ្ញាណជាតិរបស់ខ្លួនយ៉ាងដូច្នេះទៅ ព្រោះពុំមានឱកាសសិក្សារៀនសូត្រជ្រៅជ្រះ ដូចសម័យកាលមុនៗ។

ជាចុងបញ្ចប់ លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថា ដោយសារតែហេតុផលនេះហើយ  ទើបខ្មែរយើង ពុំបានពិចារណាឲ្យដិតដល់ អំពីដើមកំណើតភ្លេងពិណពាទ្យ ដែលជារបស់បុព្វបុរសខ្លួន គឺគ្រាន់តែឃើញទិដ្ឋភាពខាងក្រៅដែលកាលនោះ ខ្មែរបាននំាយកភ្លេងពិណពាទ្យនេះមកពីប្រទេសសៀមវិញ គឺកាលបើឃើញដូច្នេះ ក៏ស្មានថាជាភ្លេងរបស់សៀម ក៏នំាគ្នាហៅថា«ភ្លេងសៀមៗ» រហូតមក។

ជាសរុបលោក បានបញ្ជាក់ថា ភ្លេងពិណពាទ្យ គឺមានបីប្រភេទជាអាទិ៍៖ ទីមួយ) ពិណពាទ្យវង់តូច ទីពីរ) ពិណពាទ្យវង់ធំ និងទីបី) ពិណពាទ្យពិសេស ឬមហោរី។ បើដូច្នេះចំពោះការហៅ «ភ្លេងសៀម» នេះ គួរខ្មែរហៅថា «ភ្លេងពិណពាទ្យ» វិញ ទើបជាការប្រពៃ៕