(បាត់ដំបង)៖ មន្រ្តីកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយ សមត្ថកិច្ចចម្រុះប្រចាំប៉ុស្តិ៍ច្រកអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចាប់បានជង្គង់មាន់ និងនំចម្រុះខូចគុណភាពជាង១០០គីឡូក្រាម  យកដុតកម្ទេចចោល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូល ខេត្តបាត់ដំបង បានឲ្យដឹងថា សាច់មាន់ជង្គង់មាន់ខូចគុណភាព និងនំចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់មាន៖ ១៖សាច់មាន់ ជង្គង់មាន់ខូចគុណភាពចំនួន១១៥គីឡូក្រាម និងនំចម្រុះដែលកាលបរិច្ឆេទប្រើប្រាស់ គ្មានស្លាកសញ្ញាក្រុមហ៊ុនចំនួន៣០គីឡូក្រាម និងដុតកម្ទេចចោលនៅនឹងកន្លែង។

លោក ហាក់ សុខរិន បានបញ្ជាក់ថា មន្រ្តីជំនាញរបស់លោក ដែលឈរជើងតាមច្រកនានាព្រំដែនកម្ពុជា-ថៃ កន្លែងលក់ដូរនៅតាមទីផ្សារក្នុងខេត្ត តែងចុះត្រួតពិនិត្យជាប្រចាំ ចំពោះឈ្មួញទុច្ចរិត លួចនាំចូលលក់ចែកចាយក្នុងស្រុក បង្រ្កាបនិងទប់ស្កាត់មិនអនុញាតិឲ្យនាំចូល រាល់ទំនិញខូចគុណទាំងនោះឡើយ។

លោកប្រធានបានបន្តថា ក្នុងនាមមន្រ្តីជំនាញតែងបានចុះបិទ ខិតប័ណ្ណអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ គ្រប់ទីកន្លែង បានយល់ច្បាស់កាន់តែជាងមុន ដើម្បីរក្សាការពារសុខភាពយើងទាំងអស់គ្នា៕