(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមចូលរួមផ្តល់ឈាម នៅថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ដែលរៀបចំឡើងនៅស្នាក់ការ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងបន្តបន្ទាប់ទៀត។

អ្វីដែលពិសេសនោះ ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមផ្តល់ឈាមនោះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងខេត្តកណ្តាល «ក្លឹបនៃក្តីស្រឡាញ់» និងដៃគូសហការផ្សេងទៀត នាំគ្នាជិះកង់ នៅថ្ងៃទី១១ ខែមិថុនានេះ ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ទៅក្រុងតាខ្មៅ ដើម្បីផ្សព្វផ្សាយ និងអញ្ជើញ ប្រជាជនទូទៅចូលរួមផ្តល់ ឈាមនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ និងជាបន្តបន្ទាប់តរៀងទៅ។

លោកវេជ្ជបណ្ឌិត ហុក គឹម ចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា «ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមឆ្នាំនេះ សូមរំលឹក និងអញ្ជើញសាធារណជន គ្រឹះស្ថានសាធារណៈ សាកលវិទ្យាល័យ ក្រុមហ៊ុនឯកជននានា ចូលរួមឲ្យបានច្រើន និងជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការឈាម ២០០ប្លោក ក្នុងមួយថ្ងៃៗនៅកម្ពុជា»។

សូមជម្រាបថា ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមឆ្នាំនេះ ធ្វើឡើងក្រោមពាក្យស្លោក «ផ្តល់ឈាម ផ្តល់ឥឡូវនេះ ផ្តល់ឲ្យបានច្រើនដង» ដែលត្រូវបានអង្គការសុខភាពពិភពលោក ជ្រើសរើសយកមកប្រើ ដើម្បីជំរុញឲ្យមានឈាមគ្រប់គ្រាន់ នៅក្នុងស្តុកនៅមុនសេចក្តីត្រូវការឈាមបន្ទាន់៕