(សៀមរាប)៖ លោក ​បណ្ឌិត ​ឃឹម ​ប៊ុ​ន​សុង ​សមាជិក​គណៈកម្មាធិការ​កណ្តាល ​នៃ​គណបក្សប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​គណៈកម្មាធិការ ​នៃ​គណបក្ស​ខេត្តសៀមរាប ​បាន​ជួប​សំណេះសំណាល​ជាមួយ ​គណៈកម្មាធិការ​គណបក្ស​ក្រុង​, ​គណៈកម្មាធិការ​គណបក្ស​សង្កាត់​ទាំង១២​, ​បេក្ខជន​ក្រុមប្រឹក្សា​សង្កាត់​, ​មេភូមិ ​អនុ​ភូមិ ​និង​សមាជិក​ភូមិ ​ក្នុង​ក្រុង​សៀមរាប ​នៅ​ល្ងាច​ថ្ងៃទី០៩ ​ខែមិថុនា ​ឆ្នាំ២០១៧ ​លោក ​ក៏បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ ​ពីសំណាក់​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សម្តេច​ក្រឡាហោម ​ស ​ខេង ​ឧបនាយក​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ​ក៏ដូចជា ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​ទៀ ​បាញ់ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​និង ​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ​ចុះ​ជួយ​ខេត្តសៀមរាប​។​

លោក ​បណ្ឌិត ​ឃឹម ​ប៊ុ​ន​សុង ​សមាជិក​គណៈកម្មាធិការ​កណ្តាល ​នៃ​គណបក្សប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​គណៈកម្មាធិការ ​នៃ​គណបក្ស​ខេត្តសៀមរាប ​បាន​ផ្តល់​ឱកាស​ឲ្យ​សមាជិក ​សមាជិកា​ដែល​បាន​អញ្ជើញ​មក​នា​ពេលនេះ ​បាន​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ ​នៃ​ការ​អភិវឌ្ឍ​ក្រុង ​សង្កាត់ ​និង​បញ្ហា​ប្រឈមមុខ​ដែល​បាន​កើតឡើង​កន្លងមក​ហើយ​នោះ ​នឹង​ផ្តល់​ឱកាស​ក្នុង​ការ​បញ្ចេញមតិ​យោបល់ ​សំណូមពរ ​តម្រូវការ​ជាក់ស្តែង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ​។ ​ក្នុង​នោះ​ដែរ​លោក ​ក៏បាន​ធ្វើការ​បកស្រាយ​បំភ្លឺ​ជូន​ដល់​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់ ​ចំពោះ​បញ្ហា​ដែល​ពាក់ព័ន្ធ​និង​បញ្ហា​ដីធ្លី ​សេដ្ឋកិច្ច ​និង​ការងារ​សន្តិសុខ​សណ្តាប់​ធ្នាប់ ​សេវា​រដ្ឋបាល​សង្កាត់ ​ហើយ​បាន​សង្កត់​ធំ​ថា​យើង​នៅតែ​បន្ត​អភិវឌ្ឍន៍​ថែមទៀត ​ទោះជា​ភូមិ ​សង្កាត់​ខ្លះ​យើង​ចាញ់​ក៏​យើង​នៅតែ​អភិវឌ្ឍន៍ ​និង​បន្ត​ធ្វើអំពើ​ល្អជា​មួយ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ច្រើន​ថែមទៀត ​។​

លោក ​បណ្ឌិត ​ប្រធាន​គណបក្ស​ខេត្ត ​ក៏បាន​ធ្វើការ ​កោត​សសើរ ​ពី​ការ​ខិតខំ​យកចិត្ត​ទុកដាក់​ខ្ពស់ ​លើ​ការងារ​សន្តិសុខ ​សណ្តាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ​ភូមិ ​ឃុំ ​ក្នុង​ឱកាស​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​និង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ​ឃុំ ​សង្កាត់ ​កន្លងមក​ធានា​បាន​នូវ​សុវត្ថិភាព​ល្អ​ជូន​ប្រជាពលរដ្ឋ ​មិន​មានអំពើ​ហិង្សា​អ្វី​កើតឡើង​ឡើយ ​លើក​ពីនោះ​ទៀត​គឺ​សម្លេង​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា​ក្នុង​ក្រុង​សៀមរាប​មានការ​កើនឡើង​។​