(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត​បានធ្វើកិច្ចសហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង​​​ ក្នុងការឧបត្ថម្ភបណ្តាញអ៊ីនធឺណិត​ ការផ្តល់ជូនគណនីវីងដោយឥតគិតថ្លៃ ការបង់ថ្លៃសាលាតាមវីង និងឱកាសការងារជូននិស្សិត​។​

កិច្ចសហការនេះ ជាការជួយដល់សង្គម ក្នុងការនំាមកនូវបច្ចេកវិទ្យា ដល់និស្សិតនៅកម្ពុជា លើការចុះអនុស្សរណៈយោគយល់ រវាងធនាគារឯកទេសវីង និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមការចូលរួមរបស់លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេសវីង និងលោកបណ្ឌិត ហោ ប៉េង សាកលវិទ្យា ធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នំា២០១៧នេះ ។

តាមរយៈការឧបត្ថម្ភនេះ ​សាកលវិទ្យាល័យជាតិគ្រប់គ្រង អាចទទួលបានការទ្រទ្រង់អ៊ីនធឺណិតរយៈពេល ៣ឆ្នំា  សិស្សនិស្សិតទទួលបានគណនីវីង ដើម្បីមានបទពិសោធថ្មីជាមួយបច្ចេកវិទ្យាថ្មី ជាមួយវីង បញ្ចូលលុយទូរស័ព្ទ ទិញសំបុត្រកុន ឬសំបុត្រឡានក្រុងតាមអនឡាញពីទូរស័ព្ទដៃជាដើម។​ ការបំពាក់សេវាបង់ថ្លៃសាលា​តាមវីងពីចម្ងាយ ជាពិសេស ការផ្តល់ជូននូវឱកាសការងារ ជូនដល់និស្សិត ដែលជិតបញ្ចប់ការសិក្សារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាមួយវីង និង២៥ក្រុមហ៊ុនទៀតរបស់រ៉ូយ៉ាល់គ្រុប។

លោក ចូចូ ម៉ាឡូឡូស បានលើកឡើងថា ការជួយសង្គមក្នុងរូបភាពផ្តល់ជូនបច្ចេកវិទ្យាចុងក្រោយ គឺជារឿងសំខាន់ដែលអាច​ផ្តល់ជូននូវប្រសិទ្ធិភាព​ដ៏ល្អដល់សិស្សនិស្សិត ក្នុងការប្រើប្រាស់យុទ្ធសាស្ត្រសិក្សារបានកាន់តែប្រសើរជាងមុន នឹងផ្សារភ្ជាត់ខ្លួនជាមួយបច្ចេកវិទ្យាដែលងាយស្រួល។ ហើយវីងនឹងធ្វើការផ្តល់ជូនបែបនេះបន្តទៀត ទៅសាកលវិទ្យាល័យផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា រួមទំាងសាកលវិទ្យាល័នៅតាមបណ្តាខេត្តផងដែរ។

លោកបានបន្តថា បច្ចេកវិទ្យាចុងក្រោយរបស់គណនីវីង និងផ្តល់ជូននូវបទពិសោធថ្មីដល់និស្សិត ដោយគ្រាន់តែធ្វើប្រតិបត្តិការ​តាមទូរស័ព្ទដៃដូចជា វេរលុយ បញ្ចូលលុយទូរស័ព្ទ ទូទាត់វិក្កយបត្រ និងទិញសំបុត្រកុន ឬឡានក្រុងតាមអនឡាញបានភ្លាមៗ ដោយអ្នកប្រើប្រាស់គណនីវីង គ្រាន់តែចុច *989# ឬទាញយកកម្មវិធីវីងស្មាតហ្វូន​ ដោយវាយពាក្យ «Wing Money» នៅលើ App Store សម្រាប់ iOS និងGoogle Play សម្រាប់​ Android ៕