(ក្រចេះ)៖ ទឹកដីឃុំ២ធ្នូ ក្នុងស្រុកស្នូល ខេត្តក្រចេះ ត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាទីចាប់កំណើត នៃចលនាតស៊ូ ដែលមានឈ្មោះថា «រណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា» ដឹកនាំដោយថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ដើម្បីផ្ដួលរលំរបបវាលពិឃាតរហូតមានថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលរបប ប៉ុល ពត បានដួលរលំទាំងស្រុង។

ទឹកដីកំណើត «រណសិរ្ស២ធ្នូ» គណបក្សប្រជាជនកម្ពុជា នៅតែអាចដណ្ដើមខ្សែក្រវ៉ាត់រាល់ការបោះឆ្នោតម្ដងៗ ពោលគណបក្សប្រឆាំង តាំងពីដើមរៀងមក ដែលចង់ផ្ដួលនៅតំបន់នោះ គឺមិនអាចទៅរួចទេ បូកទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។

យោងតាមលទ្ធផលបឋមក្រៅផ្លូវការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅ គណបក្សប្រជាជនកម្ពុជា នៅតែឈ្នះ គណបក្សសង្គ្រោះជាតិរហូតដល់ ៦,៣៦៦សំឡេង ពោលគណបក្សប្រជាជនទទួលបាន ១៧,​៣៧៩សំឡេង ខណៈដែលគណបក្សសង្គ្រោះជាតិទទួលបាន១​១,០១៣។

លទ្ធផលដ៏ជោគជ័យនេះ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា អាចកាន់កាប់តំណែងជាមេឃុំទាំង៦រួមមាន៖ ឃុំស្វាយជ្រះ, ឃុំឃ្សឹម, ឃុំស្នួល, ឃុំក្រញូងសែនជ័យ (ទើបបង្កើត), ឃុំស្រែចារ និងឃុំ២ធ្នូតែម្ដង។ លទ្ធផលដដែលនេះបង្ហាញទៀតថា ចំនួនប្រជាពលរដ្ឋដែល បានចុះឈ្មោះបោះឆ្នោត​មាន ៣៧,០២៧ ប៉ុន្ដែអ្នកដែលបានបោះឆ្នោតមានចំនួន ៣៣,០៥៤ ប៉ុន្ដែសន្លឹកឆ្នោតបានការមាន៣​២,១៧៩។​

តាមលទ្ធផលនេះការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនទទួលបាន១៣,៧៧០សំឡេង ខណៈដែល គណបក្សសង្គ្រោះជាតិទទួលបាន ៨,៣២០សំឡេង គឺគណបក្សប្រជាជនលើស៥,៤៥០សំឡេង។

ជាមួយនឹងលទ្ធផលបន្តជោគជ័យខាងលើនេះ លោក គង់ គឹមនី អភិបាលស្រុក និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកស្នួល បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា កត្តាធំៗចំនួន៣ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា នៅតែអាចដណ្តើមខ្សែក្រវ៉ាត់សម្រាប់ការបោះឆ្នោតនេះ រួមមាន៖ ទី១-ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរ បានរួមសហការគ្នា និងរួមសាមគ្គីគ្នាបានយ៉ាងល្អ ទី២-ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងទី៣-ផ្តល់សេវាជូនប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស។

ទោះជាលទ្ធផលល្អប្រសើរយ៉ាងនេះក្តី តែលោកនឹងបន្តប្តេជ្ញាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ និងស្វែងរកចំណុចអវិជ្ជមាន បន្តទៀត សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។

សម្រាប់ខេត្តក្រចេះមានចំនួន៤៧ ឃុំ-សង្កាត់ ក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានចំនួន៣៨ ឃុំ-សង្កាត់
និងគណបក្សសង្គ្រោះជាតិទទួលបាន ចំនួន៩ឃុំ-សង្កាត់។

* ក្រុងក្រចេះ គណបក្សប្រជាជនកម្ពុជា បានចំនួន៣សង្កាត់ និងគណបក្សសង្គ្រោះជាតិចំនួន២សង្កាត់
* ស្រុកចិត្របុរី គណបក្សប្រជាជនកម្ពុជា បានចំនួន៨ឃុំ និងគណបក្សសង្គ្រោះជាតិចំនួន២ឃុំ
* ស្រុកសំបូរ គណបក្សប្រជាជនកម្ពុជា បានចំនួន៨ឃុំ និងគណបក្សសង្គ្រោះជាតិចំនួន២ឃុំ
* ស្រុកព្រែកប្រសព្វ គណបក្សប្រជាជនកម្ពុជា បានចំនួន៦ឃុំ និងគណបក្សសង្គ្រោះជាតិចំនួន២ឃុំ
* ស្រុកឆ្លូង គណបក្សប្រជាជនកម្ពុជា បានចំនួន៧ឃុំ និងគណបក្សសង្គ្រោះជាតិចំនួន១ឃុំ
* ស្រុកស្នួល គណបក្សប្រជាជនកម្ពុជា បានចំនួន៦ឃុំ និងគណបក្សសង្គ្រោះជាតិ គ្មាន

សូមបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ ជាកន្លែងឈរជើងរបស់លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ រីឯស្រុកស្នួលជាកន្លែងឈរជើង របស់លោក ហេង សុខណា។

សូមរម្លឹកថា ២ ធ្នូ ​១៩៧៨ ​គឺ​ជា​ការ​ចាប់​កំណើត ​នៃ​ចលនា​តស៊ូ​ដែល​មាន​ឈ្មោះ​ថា​ «រណសិរ្ស​ សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា»​ ​នៅ​ឯ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ។ រណសិរ្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ផ្តួល​រំលំ​របប​​​វាល​​ពិឃាត​ ​នៅ​លើ​ទឹកដី​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​ ១៩៧៥​ដល់​១៩៧៩ ក្រោម​ការ​ជួយ​គាំទ្រ​ពី កងទ័ព​វៀតណាម។ នាយករដ្ឋមន្រ្តី និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​សម្តេចតេជោ ​ហ៊ុន សែន ​តែងតែលើកឡើងថា បើគ្មាន​ ២ ​ធ្នូ ​១៩៧៨ ក៏​មាន​ថ្ងៃ​៧ ​មករា ១៩៧៩ ហើយ​ក៏​គ្មាន​ជំនួប​ សីហនុ-ហ៊ុន​ សែន ឆ្នាំ​១៩៨៧ ហើយ​ក៏​គ្មាន​២៣ ​តុលា ១៩៩១​ដែរ៕

អភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង អញ្ជើញទៅបោះឆ្នោត កាលពីថ្ងៃទី០៤ ខែមិថុនា

ស្នងការខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត អញ្ជើញទៅបោះឆ្នោត កាលពីថ្ងៃទី០៤ ខែមិថុនា

អភិបាលស្រុកស្នួល លោក គង់ គឹមនី អញ្ជើញទៅបោះឆ្នោត កាលពីថ្ងៃទី០៤ ខែមិថុនា