(ភ្នំពេញ)៖ មន្រ្តីនៃអគ្គនាយកដ្ឋានកាំកុងត្រូលនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបន្តចុះពិនិត្យគុណភាព និង បរិមាណប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈនានានៅក្នុងខណ្ឌឬស្សីកែវ។ ជាលទ្ធផលបានរកឃើញស្ថានីយប្រេងឥន្ធនៈមួយកន្លែងលក់ដោយមិនអនុលោមទៅតាមបរិមាណ ហើយក៏បានណែនាំម្ចាស់ស្ថានីយឲ្យកែប្រែនូវកំហុសឆ្គងនេះផងដែរ។

លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្រ្កាបការក្លែងបន្លំ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា  ដោយយោងតាមការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម លោកក៏បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយមួយចំនួនស្ថិតនៅ ខណ្ឌឬស្សីកែវ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងយានយន្តទាំង ឡាយ និងទប់ស្កាត់ការកែ្លងបន្លំ។

លោក គឿន ភិរុណ បានបញ្ជាក់ថា ការត្រួតពិនិត្យនេះ បានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យនៅនិងកន្លែង​ដូចជាធុងក្រឹតចំនួនមាឌជាក់លាក់សម្រាប់វាស់មាឌប្រេង ដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមានចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញ គឺមានឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំង Super (95) និង Regular (92)។

ជាលទ្ធផលនៃការត្រួតពិនិត្យ គុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយចំនួន ២កន្លែងមានអនុលោមភាព​ផ្នែកបរិមាណ និង គុណភាពប្រេងឥន្ធនៈ ប៉ុន្តែមានស្ថានីយ ០១កន្លែងទៀត មិនមានអនុលោមភាពផ្នែកបរិមាណ ដែលតម្រូវឲ្យរៀបចំបានល្អត្រឹមត្រូវឡើងវិញ ចំពោះតម្លៃប្រេងឥន្ធនៈរបស់ស្ថានីយទាំង០៣ គឺលក់ត្រឹមត្រូវ​ទៅតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។ នេះបើតាមការបញ្ជាក់បន្ថែម របស់លោក គឿន ភិរុណ។

លោកអនុប្រធាននាយកដ្ឋានរូបនេះ បានឲ្យដឹងដែរថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈក្នុងនាយកដ្ឋាន នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេស តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការធើ្វការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីបង្ហាញពីគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ខ្លួនជូនអតិថិជន។

លោក គឿន ភិរុណ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្ត ទាំងអស់សូមប្រុងប្រយ័ត្ន ត្រូវជ្រើសរើសស្ថានីយប្រេងឥន្ធនៈ ដែលទុកចិត្តប្រើប្រាស់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូត ដែលមានគុណភាពល្អពិនិត្យមើលលើកុងទ័រចាប់ពីចំណុចសូន្យជានិច្ចមុនពេលចាក់ ហើយតាមដានដំណើរការនៃលេខម៉ូទ័ររហូតដល់ចំនួនលីត្រចុងក្រោយដែលបានស្នើ ព្រោះវាត្រូវសើ្មនឹងតម្លៃប្រេងដែលត្រូវចំណាយ។

លោក គឿន ភិរុណ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋថា ប្រសិនបើមានហេតុការណ៍មិនប្រក្រតីកើតឡើងទាក់ទងបរិមាណ និងគុណភាពប្រេងឥន្ធនៈ ដែលបានជួបប្រទះក្នុងពេលចូលទៅចាក់ប្រេងឥន្ធនៈនៅក្នុងស្ថានីយណាមួយក្នុងរាជធានីភ្នំពេញ សូមទូរស័ព្ទមកលេខៈ 023 52 11 888៕