(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានលើកឡើងថា បើផ្នែកទៅតាមលទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ៤ សម្រាប់ខេត្តពោធិ៍សាត់ ឃើញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន២៥១អាសនៈ និងអាចកាន់តំណែងជាមេឃុំ និងចៅសង្កាត់ទាំង៤៩ឃុំ/សង្កាត់តែម្តង ខណៈគណបក្សសង្គ្រោះជាតិទទួលបាន៩២អាសនៈ តែមិនបានជាមេឃុំ-សង្កាត់។

តែទោះជាយ៉ាងនេះក៏ដោយ លោកបញ្ជាក់ថា «យើងពួតដៃគ្នាប្រឹងប្រែងថែមទៀត នោះយើងប្រាកដជានឹងទទួលបាននូវលទ្ធផលកាន់តែល្អប្រសើរ នៅក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨»

ការថ្លែងរបស់លោក ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាសបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ និងថ្លែងអំណរគុណ បងប្អូនអាជីវករផ្សារពោធិ៍សាត់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ត្រូវបានបញ្ចប់រួចរាល់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ហើយខេត្តពោធិ៍សាត់ ក៏ទទួលបានជ័យលាភីលេខ១ទូទាំងប្រទេស ដែលបានតំណែងមេឃុំ និងចៅសង្កាត់ទាំងអស់ទាំង៤៩ឃុំ/សង្កាត់ គ្មានធ្លាក់លើគណបក្សសង្គ្រោះជាតិឡើយ។

លោក ម៉ៅ ធនិន បានថ្លែងថា សម្រាប់លទ្ធផលនៃការបោះឆ្នោតលើកនេះ គឺជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដោយបានការគាំទ្រ ពីអាជីវករ និងប្រជាពលរដ្ឋទូទាំងក្រុងពោធិ៍សាត់ ក៏ដូចជា ទូទាំងខេត្តពោធិ៍សាត់ មកលើគណបក្សប្រជាជនកម្ពុជា ទើបទទួលបានជោគជ័យ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានទទួលដោះស្រាយសំណូមពរមួយចំនួន របស់បងប្អូនអាជីវករ និងបានសំណូមពរដល់ប្រជាពលរដ្ឋ សូមជួយធ្វើការថែទាំ និងសម្អាតអនាម័យ ដើម្បីឱ្យក្រុងពោធិ៍សាត់ លេចចេញនូវសោភណ្ឌភាព ផាសុកភាព ដែលជាការលើកទឹកចិត្ត និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការចូលរួមចំណែក គាំទ្រគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានជូនអំណោយជាថវិកាមួយចំនួន ជូនដល់លោកយាយចាស់ៗ និងក្មេងកំព្រា ដែលបានយកផលិតផលបន្លែបង្កាបន្តិចបន្តួចមកលក់ដូរ ព្រមទាំងផ្តល់ស្បៀងជូនដល់ជនចាស់ជរា គ្រួសារក្រីក្រ ក្មេងកំព្រា និងបងប្អូនក្រុមគ្រួសារម៉ូតូឌុប នៅសាលាខេត្តពោធិ៍សាត់ផងដែរ៕