(ភ្នំពេញ)៖ បុរសជនជាតិអូស្រ្តាលីម្នាក់ ឈ្មោះ James Ricketson ដែលសង្ស័យធ្វើចារកម្មនៅកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ប្រមូលផ្ដុំព័ត៌មាន ជាអាទិ៍ដែលធ្វើឲ្យអន្ដរាយការការពារជាតិ តាមមាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌ។

ចំពោះបទចោទប្រកាន់នេះ ជនបរទេសជាប់ចោទ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ទៅ១០ (ដប់)ឆ្នាំតាមមាត្រាខាងលើ។​

ជនសង្ស័យបានធ្វើចារកម្មនៅកម្ពុជា នាអំឡុងពេលឃោសនារកសំឡេងឆ្នោត ពោលជននេះបានធ្វើសកម្មភាព​ដោយគ្មានការជូនដំណឹង និងគ្មានការអនុញ្ញាតពីសមត្ថកិច្ចនោះទេ ហើយត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន​នៅថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ។

បុរសជនជាតិអូស្រ្តាលីម្នាក់នេះ បានចូលក្នុងប្រទេសកម្ពុជា​ ធ្វើសកម្មភាពលួចយកព័ត៌មាននានា ពិសេសព័ត៌មានពាក់ព័ន្ធនឹងការ​ឃោសនា​បោះឆ្នោត ដើម្បីយកទៅផ្សព្វផ្សាយនៅក្រៅប្រទេស ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច និងព្យាយាម​បិទបាំងអត្តសញ្ញាណ កន្លែងស្នាក់នៅ និងលិខិតឆ្លងដែនរបស់ខ្លួនថែមទៀតផង៕