(តាកែវ)៖ អតីតមេបញ្ជាការអាវុធហត្ថស្រុកអង្គរបុរី ខេត្តតាកែវ លោក សុខ ឡេះ ដែលបច្ចុប្បន្នបម្រើការងារនៅទីបញ្ជាការដ្ឋាន​អាវុធអាហត្ថខេត្ត បានរងការចោទថា បានចាប់ឡានដឹកឈើចំនួន២ឡាន ដោយជំរិតទារប្រាក់ចំនួន១៥០០ដុល្លារ​ ជាថ្នូរដោះលែងវិញ។

ប្រជាពលរដ្ឋដែលបានដឹងរឿងច្បាស់ បានលួចបង្ហើបប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧នេះថា នៅយប់មិញនេះ ​កម្លាំងអាវុធហត្ថ៤នាក់ ដឹកនាំដោយលោក សុខ ឡេះ អតីតមេប៉េអឹមស្រុកអង្គបុរី ជិះអូរប័រ ចុះចាប់ឈើ២ឡានសាំយ៉ុង ដល់ចំណុចកោះទ្រា ស្រុកអង្គបុរី ស្រាប់តែយកលុយគេ១៥០០ដុល្លារ ដោយប្រាប់ថាថ្នាក់លើឲ្យយក។

តាមព័ត៌មានដែលទទួលបាន ឈើនេះមុននិងនាំចេញបានត្រូវបង់ឲ្យថ្នាក់លើចំនួន១៥០០ដុល្លារទើបអាច​រួចខ្លួន បើមិនចឹងនឹងត្រូវចាប់បញ្ជូន ទៅតុលាការ។ អ្នកដឹងរឿង សូមឲ្យនាយឧត្តមសេនីយ៍ សៅ សុខា​ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ជួយចាត់វិធានការលើ មន្រ្តីអាវុធហត្ថ ទាំងនេះផង ដើម្បីកុំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយ អង្គភាព Fresh News មិនទាន់អាចស្វែងរកការបកស្រាយ ពីលោក សុខ ឡេះ និងមេបញ្ជាការអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ ឡា ឡៃ បានទេ នៅរសៀលថ្ងៃនេះ៕