(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា​សុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែ អន្តរជាតិភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ តាមផ្ទះ ម៉ាត ផ្សារច្បារអំពៅ និងផ្សារព្រែកឯង សាលាបឋមសិក្សាព្រែកឯង ក្នុងខណ្ឌច្បារអំពៅ។

មន្រ្តីសាខាកាំកុងត្រូល បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅតាមផ្សារ និងម៉ាតនេះ ផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាន និងកំពុងដាក់តាំងលក់ដោយបានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួនរួមមាន៖ បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង ស្ពៃជ្រក់ ទឹកខ្មេះដប ជាដើម តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ។

បើតាមមន្ដ្រីដដែល ឥឡូវនេះ​ប្រជាពលរដ្ឋទូទៅ មានការយល់ដឹងច្រើនអំពីសុវត្ថិភាពម្ហូបអាហារ ដែលពួកគាត់ទិញយក​ទៅបរិភោគ ចំណែកអាជីវករលក់ដូរវិញ ក៏មានការយល់ដឹងកាន់តែច្បាស់ អំពីផលប៉ះ ពាល់ដល់អ្នកប្រើ​។

ជាមួយគ្នានោះ ក្រុមអាជីវករ ក៏ដូចជាប្រជាពលរដ្ឋ​មានការសាទរយ៉ាងខ្លាំង ចំពោះមន្រ្តីកាំកុងត្រូល ដែលបានចុះមកអង្កេតទំនិញ នៅតាមផ្សារ ក៏ដូចជាការអប់រំដល់អាជីវករ និងប្រជាពលរដ្ឋឲ្យយល់ដឹងកាន់តែច្បាស់ អំពីសុវត្ថិភាពម្ហូប អាហារផងដែរ​។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់​ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ​បរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

សូមជម្រាបថា លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូល ក៏បានបញ្ជាឲ្យមន្រ្តីកាំកុងត្រូល នៅទូទាំងប្រទេស បន្តយុទ្ធនាការចុះត្រួតពិនិត្យមើលទំនិញដែលដាក់តាំងលក់តាមទីផ្សារ ជាពិសេសទំនិញនាំចូលតាមច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែក លើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕