(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់វិភាគទាន ១០ម៉ឺនដុល្លារ ដើម្បីចូលរួមរំលែក ទុក្ខលំបាករបស់ប្រទេសស្រីលង្កា ដែលកំពុងជួបគ្រោះមហន្តរាយដោយសារគ្រោះធម្មជាតិ។

នៅក្នុងលិខិតផ្ញើជូនលោក រ៉ានីល វីកក្រេមមេស៊ីងហេ នាយករដ្ឋមន្រ្តីស្រីលង្កានៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាន សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសេចក្តីក្រៀមក្រំ យ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹង អំពីទឹកជំនន់ និងការបាក់ដីបង្កឡើងដោយសារភ្លៀងមូសុងដ៏ខ្លាំង នៅខេត្តភាគខាងលិច និងខេត្តភាគកណ្តាល នៃប្រទេសស្រីលង្កា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវសមានចិត្តរំលែកទុក្ខ យ៉ាងក្រៀមក្រំជូនចំពោះឯកឧត្តម និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា។ ជាពិសេសគ្រួសារ នៃជនរងគ្រោះចំពោះការបាត់បង់ដ៏សោកសៅនេះ»

សូមបញ្ជាក់ថា គ្រោះធម្មជាតិដែលបានវាយប្រហារប្រទេស្រីលង្កាក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃខែឧសភា ឆ្នាំ២០១៧នេះ បានបណ្តាលឲ្យមនុស្សជាង ១៥០នាក់ បានស្លាប់បាត់បង់ជីវិត និងជាង ៥០ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង៕