(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនទូរគមនាគមន៍ Verizon ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការងារ យ៉ាងហោចណាស់ ២,០០០កន្លែង នៅពេលដែលនីតិវិធី ទិញយកក្រុមហ៊ុន Yahoo! ក្នុងតម្លៃជាង ៤.៤៨ពាន់លានដុល្លារ ត្រូវបានបញ្ចប់​នៅសប្ដាហ៍ក្រោយនេះ។ នេះបើតាមប្រភពស្និទ្ធនឹងការទិញយកនេះ ដកស្រង់ដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមការគ្រោងទុកខាងលើ ការកាត់បន្ថយការងារ​របស់ក្រុមហ៊ុន Verison នឹងត្រូវអនុវត្តន៍លើអង្គភាព​ចំនួនពីររបស់ខ្លួនគឺ AOL​ និង Yahoo! ហើយការកាត់បន្ថយនេះ ទៀតសោតតំណាង​ឱ្យ ១៥ភាគរយនៃបុគ្គិលបម្រើការងារ​ក្នុងអង្គភាពទំាងពីរនេះ ខណៈបុគ្គលិក​ប្រមាណជា ១៤,០០០នាក់ កំពុងបម្រើការងារ​ឱ្យ AOL និង Yahoo​!។

ទន្ទឹមគ្នា​នឹងការទិញយក​ក្រុមហ៊ុន Yahoo! និពន្ធនាយក​​នៃសារព័ត៌មាន Yahoo! លោកស្រី Megan Liberman បានប្រកាសថា លោកស្រីនឹងចាកចេញ​ពី​ក្រុមហ៊ុន បន្ទាប់ពីការរួម​​បញ្ចូលគ្នានៃ Yahoo! និងក្រុមហ៊ុន​ទូរគមនាគមន៍ Verizon បានបញ្ចប់​រួចរាល់។

គួររំលឹកថា ក្រុមហ៊ុន Yahoo! កាល​ពី​ខែ​មេសា​​កន្លង​ទៅ​បាន​ឲ្យដឹងថា នីតិវិធីនៃការទិញយក​​របស់ក្រុមហ៊ុន Verizon នឹងត្រូវបញ្ចប់នៅ​ក្នុងត្រីមាស​ទីពីរ​នៃឆ្នាំ២០១៧នេះ ពោលគឺនៅក្នុង​ខែមិថុនា នេះតែម្តង៕