(ភ្នំពេញ)៖ លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហោះសារមួយគួរឲ្យភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង នៅថ្ងៃទី៩ ខែមិថុនានេះ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយលទ្ធផល ២-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ លើទីលានពហុកីឡដ្ឋានជាតិកាលពីយប់មិញ។

លោកបានសរសេរថា «ពីរ-បីឆ្នាំមុន គិតថាជម្រើសសជាតិយើងខ្លាំងហើយ តែឃើញ១ប្រកួតម្សិលមិញដូចរញ៉េញៃវិញហើយ។ លេងជាក្រុមគ្មាន ការពារជាក្រុមគ្មាន ប្រយុទ្ធជាក្រុមគ្មាន នេះដោយសារប្រកួតមិត្តភាពមែនទេ? សង្ឃឹមថ្ងៃទី១៣ (ប៉ះអាហ្វហ្គានីស្ថាន) នឹងល្អមកវិញ ចាញ់ឈ្នះធម្មតាទេកីឡា តែបើចាញ់រហូតអាណិតពួកខ្ញុំអ្នកគាំទ្រផង។ ពីគ្រូម្នាក់មិនមានតម្លៃដូចអ្នក គ្រាន់តែមានគំនិតតូចតាចប៉ុណ្ណោះ សុំទោសបើប៉ះពាលអ្នក»

ការបង្ហោះសារបង្កប់ដោយអត្ថន័យនេះ បានធ្វើឡើងស្របពេលក្រុមជម្រើសជាតិកម្ពុជា បានបរាជ័យ ៣ប្រកួតជាប់ៗគ្នា ក្រោយផ្លាស់ប្ដូរគ្រូបង្វឹកថ្មី ដែលកំពុងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo Vitorino បច្ចុប្បន្ន ខណៈលទ្ធផល ២ប្រកួតមុន គឺចាញ់ឥណ្ឌា ៣-២ ក្នុងមិត្តភាព និងចាញ់ហ្ស៊កដានី ៧-០ ក្នុងជំនួបវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូល C។ នៅថ្ងៃទី១៣ ខែមិថុនាខាងមុខ ក្រុមគោព្រៃកម្ពុជា ត្រូវធ្វើការប្រកួតជម្រុះលើកទី២ ដោយជួបក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានវិញម្ដង៕