(កណ្ដាល)៖ ខ្យល់កន្ដ្រាក់បានវាយប្រហារទៅលើឃុំទាំង១០ ក្នុងស្រុកអង្គស្នួល នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ ប៉ុន្ដែក្នុងចំណោមឃុំទាំង១០នោះ ឃុំ២ដែលរង់ផលប៉ះពាល់។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ឃុំចំនួន២ដែលរង់ផលប៉ះពាល់នោះរួមមាន ​ឃុំពើក និងឃុំបែកចាន។ ក្នុងនោះ ឃុំពើក រលំស្លាកគណបក្ស និងរលំដើមត្នោត០១ដើម ដួលលើរោងបាយ បែកពាងទឹកចំនួន០២ ដែលមានម្ចាស់ផ្ទះឈ្មោះឈឿន វិច្ឆ័យ ភេទប្រុស អាយុ៣៧ឆ្នាំ​។ ដោយឡែក ឃុំបែកចាន រលំគ្រោងដែករោងមាន់ទើបផ្សារតំឡើង ទំហំ៦ម៉ែត្រ គុណ២០ម៉ែត្រ ដែលម្ចាស់រោងមាន់ឈ្មោះ ខៀវ សំកុល ភេទប្រុស អាយុ៤៩ឆ្នាំ។

សូមជម្រាបថា រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការ ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៧ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះជ្រលងសម្ពាធទាបបាន និងកំពុងគ្របដណ្តប់លើតំបន់មួយចំនួនរបស់ប្រទេសកម្ពុជា ខណៈខ្យល់មូសុដនិរតីក៏បាន និងកំពុងមានឥទ្ធិពលលើកម្ពុជាផងដែរ។

ស្ថានភាពបែបនេះបណ្តាលឲ្យ តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ពិសេសតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ។ ដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់៕