(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឬក្រុមគោព្រៃកម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo Vitorino នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ដើម្បីកម្ដៅសាច់ដុំ ឆ្ពោះទៅរកការប្រកួតផ្លូវការជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពូល C នៃពានរង្វាន់ AFC Asian Cup 2019 ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតពីម្សិលមិញ គ្រូបង្វឹកក្រុមជម្រើសជាតិទាំងពីរ សុទ្ធតែបានចាត់ទុកការប្រកួតល្ងាចនេះ គឺជាជំនួបដ៏សំខាន់រៀងៗខ្លួន។ លោក Leonardo បានលើកឡើងថា ជាង ២០ឆ្នាំមកហើយ គោព្រៃកម្ពុជា មិនធ្លាប់ឈ្នះឥណ្ឌូនេស៊ីឡើយ ប៉ុន្ដែល្ងាចនេះ លោកបានប្ដេជ្ញាចិត្តធ្វើឲ្យបានល្អបំផុត ដើម្បីស្ដារកិត្តិយសជាតិ ពិសេសគឺដើម្បីត្រៀមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 និងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីនៅខែសីហាផងនោះ។

ដោយឡែកលោកក Lois Milla គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានចាត់ទុកជំនួបមិត្តភាពល្ងាចនេះ គឺជាការផ្ដល់ឱកាសថ្មី សម្រាប់កូនក្រុមខ្លួន ដែលសម្បូរទៅដោយធនធានកីឡាករវ័យក្មេងដូចគ្នា។ លោកថា «ការប្រកួតនេះ នឹងផ្ដល់បទពិសោធន៍ថ្មីៗបន្ថែមទៀត ដល់កូនក្រុមខ្ញុំ ដែលមានទាំងយុវជនជាងពាក់កណ្ដាលក្រុម ដើម្បីឆ្ពោះទៅការប្រកួតជម្រុះពានរង្វាន់ AFC U-23 Championship 2018 និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៧ នៅខែកក្កដា និងខែសីហាខាងមុខដូចគ្នា»

គួរបញ្ជាក់ថា ក្រុមដែលមានរហស្សនាមគោព្រៃកម្ពុជា ធ្លាប់ជួបក្រុមឥណ្ឌូនេស៊ីជាច្រើនលើកមកហើយ ប៉ុន្ដែមិនធ្លាប់ទទួលបានជ័យជម្នះលើក្រុមស្ថិតក្នុងតំបន់អាស៊ានជាមួយគ្នានេះឡើយ ហើយប្រកួតលើកចុងក្រោយ កាលពីឆ្នាំ២០១៤ ក្រុមឥណ្ឌូនេស៊ី បានបន្ដយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ១-០ ក្នុងមិត្តភាព។ ដូច្នេះចាំមើល តើជំនួបមិត្តភាពល្ងាចនេះ ក្រុមគោព្រៃកម្ពុជា អាចសងសឹកឥណ្ឌូនេស៊ីបាន ឬក៏យ៉ាងណា?