(ព្រះវិហារ)៖ ចូលរួមកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរនោះលោក អ៊ុន ចាន់ដា អភិបាលខេត្ត ព្រះវិហារ បានស្ថាបនាផ្លូវមួយខ្សែ ប្រវែង៣៥០ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់ទាំងអស់គ្នា និងចូលរួមកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​ ឲ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរ។ លោកក៏បានជំរុញឲ្យ ក្រុមបច្ចេកទេស ត្រូវពន្លឿនការស្ថានាផ្លូវនេះ ឲ្យរួចរាល់នៅបំណាច់ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក អ៊ុន ចាន់ដា បានថ្លែងបែបនេះ ក្នុងឱកាសដែលលោករួមជាមួយថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្ត ចុះពិនិត្យមើលការស្ថាបនាផ្លូវកៅស៊ូមួយខ្សែ ស្ថិតនៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក អ៊ុន ចាន់ដា បានបន្តថា ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមអជ្ញាធរខេត្ត លោកបាន សម្រេចចិត្តសាងសង់ផ្លូវមួយខ្សែ ចាក់កៅស៊ូជូនបងប្អូនប្រជាពលរដ្ឋ ដែលមានប្រវែង៣៥០ម៉ែត្រ និងទទឹង៧ម៉ែត្រ ដើម្បីចូលរួមកាត់បន្ថយភាពក្រី​ក្ររបស់ប្រជាជនក្នុងមូលដ្ឋាន។ ការស្ថាបនាផ្លូវកៅស៊ូនេះ គឺមិនបានសន្យានោះទេ ឲ្យតែកន្លែងណាមានការលំបាកកន្លែងនោះមានថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលតែងតែខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់និន្នាកានយោបាយ និងជាតិសាសន៍ឡើយ។

នៅក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋតាមខ្នងផ្ទះដោយថ្លែងនូវ ការអគុណចំពោះបងប្អូនប្រជា ពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ឆ្នាំ២០១៧នេះ និងជុំរុញ ឲ្យក្រុមបច្ចេកទេសត្រូវពន្លឿន ការស្ថាបនាផ្លូវនេះឲ្យបានរួចរាល់មុនបំណាច់ខែមិថុនានេះ។

មន្ត្រីបច្ចេកទេសម្នាក់ បាននិយាយថា ផ្លូវចាក់កៅស៊ូនេះ ចាប់ផ្តើមស្ថាបនានៅដើមខែឧសភា និងគ្រោងបញ្ចប់នៅចុងខែ មិថុនាខាងមុខនេះ។ ប្រជាពលរដ្ឋភូមិថ្មីជាច្រើនបានឲ្យដឹងថា ផ្លូវមួយខ្សែរនេះ កាលពីមុនពិបាកធ្វើដំណើរខ្លាំងណាស់ នៅរដូវវស្សាទឹកលិច រីឯនៅរដូវប្រាំង មានជង្ហុកធំៗពិបាកណាស់ ប៉ុន្តែពេលនេះបានកសាងផ្លូវនេះ ហើយចាក់កៅស៊ូទៀត ធ្វើឲ្យពួកគាត់មានចិត្តសប្បាយចិតណាស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកអភិបាលខេត្ត ដែលយកចិត្តទុកដាក់ជួយសម្រួលការលំបាកជូនប្រជាពលរដ្ឋ៕