(​ភ្នំពេញ)៖ គណបក្សប្រជាជន​កម្ពុជា (CPP) របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជ័យជម្នះ​នៅក្នុងការបោះឆ្នោត​ ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ កាលពីថ្ងៃអាទិត្យ ដោយទទួលបាន​សំឡេងគាំទ្រ ៥១ភាគរយ ដែលនេះមាន​ន័យថា គណបក្សកាន់អំណាចមួយនេះ នៅតែអាចគ្រប់គ្រង​ជាង ៧០ភាគរយ នៃឃុំសង្កាត់សរុបចំនួន១,៦៤៦ទូទាំងប្រទេសកម្ពុជា។ នេះបើតាម​លទ្ធផលបឋមចេញផ្សាយដោយ​ គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត ​គ.ជ.ប ដកស្រង់ និងចេញផ្សាយដោយ​សារព័ត៌មាន The Diplomat​ ដ៏ល្បាញល្បីមួយរបស់ពិភពលោកដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។

សម្រាប់គណបក្ស​សង្រ្គោះជាតិ (CNRP) លទ្ធផលបឋមនេះ​អាចជារឿងខកចិត្ត​ ត្បិតប្រធាន​បក្សប្រឆាំងមួយនេះ​គឺ លោក កឹម សុខា ធ្លាប់បានអះអាង​នៅចំពោះមុខ​អ្នកគាំទ្ររបស់ខ្លួន នៅអំឡុងយុទ្ធនាការ​ឃោសនាបោះឆ្នោតថា គណបក្សរបស់លោក​អាចនឹងគ្រប់គ្រងឃុំសង្កាត់​យ៉ាងហោចណាស់ ៦០ភាគរយ ប៉ុន្តែផ្ទុយទៅវិញ​បើតាមលទ្ធផលបឋម​ គណបក្សប្រឆាំង​មួយនេះ ប្រមូលបានការគាំទ្រ​ត្រឹមតែ ៤៦ភាគរយប៉ុណ្ណោះ បើទោះជាសំឡេងនេះ​ មានការកើនឡើង​បើធៀបទៅ​នឹងអាណត្តិមុនៗក៏ដោយ។

សារព័ត៌មានបរទេសដ៏ល្បីល្បាញដដែលមួយនេះ បានបន្តផ្សាយថា ជាងនេះទៅទៀត លោក កឹម សុខា ផ្ទាល់ក៏បាន​សន្យាផងដែរថា នឹងបង្កើនកញ្ចប់​ថវិកាសម្រាប់ការ​អភិវឌ្ឍ​ឃុំសង្កាត់ រហូតដល់ទៅ ៥០០,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំដល់ឃុំ​នីមួយៗរបស់គណបក្សសង្រ្គោះជាតិ។ ក៏ប៉ុន្តែជុំវិញការសន្យា នេះដែរ អ្នកវិភាគម្នាក់​នៅក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះបានគូស​បញ្ជាក់ថា គោលនយោបាយ​នេះទំនងជាមិនអាចទុកចិត្តបាន​ឡើយ ពីព្រោះបើគិតជា​ថវិកាសរុប គេត្រូវចំណាយ​លើឃុំនីមួយៗ​ក្នុងមួយឆ្នាំ មានរហូតដល់ជាង៨២៣លានដុល្លារ​ឯណោះ។ ដូច្នេះ​សួរថា តើគណបក្សសង្រ្គោះជាតិ មាន​លុយមកពីណា បើរាជរដ្ឋាភិបាល​នៅតែស្ថិតនៅក្រោម​ការគ្រប់គ្រង​ របស់គណបក្សប្រជាជន ពោលគឺ​និយាយឱ្យចំ​ទាល់តែគណបក្សសង្រ្គោះជាតិ ឈ្នះឆ្នោតថ្នាក់​ជាតិ​នៅឆ្នាំ២០១៨ ខាងមុខនេះសិន ទើបរឿងសន្យា​នេះអាចយកមក​និយាយឡើង​វិញបាន។

ការចេញផ្សាយបែបនេះរបស់ The Diplomat ស្របពេលដែលមានឯកសារដ៏សំខាន់មួយដែលជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានបែកធ្លាយ នៅលើបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា អះអាងពីការទទួលបានជោគជ័យ ដ៏ធំធេង លើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ រហូតដល់ជាង៧០% និងដាក់ផែនការជំរុញការពង្រីកសមាជិកបក្សបន្ថែមទៀត ពង្រឹងសាមគ្គីភាព ដើម្បីបង្កើនសន្ទុះនៃការគាំទ្រ និងបន្តបាញ់ឆ្ពោះទៅថ្នាក់មូលដ្ឋាន សំដៅឈានឆ្ពោះទៅកាន់ជ័យជម្នះរឹតតែធំធេងជាងនេះថែមទៀត​ សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨ខាងមុខនេះ៕