(ត្បូងឃ្មុំ)៖ លោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងថា ប្រជាពលរដ្ឋម្នាក់ៗ មានសិទ្ធិចូលរួមអនុវត្តវិធានការ ការពារថែរក្សាបរិស្ថានទាំងអស់គ្នា ទាំងគុណភាព និងបរិមាណ ហើយត្រូវចង់ចាំថា កិច្ចគាំពារបរិស្ថាន ជាភារិច្ចរបស់យើងទាំងអស់គ្នា។

លោក ប៉ែន កុសល្យ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី​ ក្នុងទិវារបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ ខែមិថុនា ឆ្នាំ២០១៧ ដោយធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧នេះ នៅវិទ្យាល័យ ហ៊ុន សែន ខ្នារ ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី មន្ទីរបរិស្ថានខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្ស។

លោក ប៉ែន កុសល្យ បានបន្តថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ទទួលយកខ្យល់ធម្មជាតិ សម្រាប់ដកដង្ហើម មានទឹកស្អាតសម្រាប់ ទទួលទាន មានដីស្អាតសម្រាប់ បង្កបង្កើនផល និងមានសមធម៍ក្នុងការបែងចែកភោគផលពីធម្មជាតិ ហើយមនុស្សម្នាក់ៗ «មានសិទ្ធចូលរួមអនុវត្តន៍វិធានការ ការពារថែរក្សាបរិស្ថាន ទាំងគុណភាព និងបរិមាណ ហើយចាត់ទុកថា កិច្ចគាំពារបរិស្ថាន ជាភារកិច្ចយើងទាំងអស់គ្នា»

លោកអភិបាលរងខេត្ត បញ្ជាក់យ៉ាងដូច្នេះថា កន្លងមកអាជ្ញាធរបានយកចិត្តទុកដាក់ខ្លាំង ក្នុងកិច្ចគាំពារបរិស្ថាន ដើម្បីលើកកម្ពស់ វិស័យបរិស្ថាន ដោយបានរួមសហការជាមួយមន្ទីរអង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិនានា ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋ និងវិស័យឯកជន ក្នុងខេត្ត ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុដំណើរការ ដើម្បីទទួលបានជោគជ័យ។

លោក ប៉ែន កុសល្យ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ទីរបរិស្ថានខេត្ត ពិសេសអាជ្ញារធរ និងមន្ត្រីរាជការនៃខេត្តត្បូងឃ្មុំ ក៏ដូចជាប្រជាពលរដ្ឋ យុវជន សិស្ស និស្សិតជុំវិញខេត្ត ដែលតែងតែផ្តល់ការគាំទ្រដល់គ្រប់ចលនាបរិស្ថានក្នុងខេត្ត ព្រមទាំងសាទរ ជាមួយនឹងពាក្យស្លោក នៃទិវារបរិស្ថាន ឆ្នាំ២០១៧នេះ «ការផ្សារភ្ជាប់ទំនាក់ទំនងមនុស្ស និងធម្មជាតិ» សូមឲ្យពាក្យនេះ ដក់ជាប់ក្នុងបេះដូងនៃប្រជាជនខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ជានិរន្ត។

លោក ហួរ ពិសិដ្ឋ ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ទិវារបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០១៧ ធ្វើឡើងនាពេលនេះ ក្រោមប្រធានបទ «ការផ្សារភ្ជាប់ ទំនាក់ទំនងមនុស្ស និងធម្មជាតិ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពី បរិស្ថាន ដល់សាធារណៈជន លើកទឹកចិត្តប្រជាសហគមន៍​ ក៏ដូចជាមហាជនទូទៅឲ្យចូលរួមចំណែកក្នុងការអភិវឌ្ឍអេកូទេសចរណ៍ ប្រកបដោយចីរភាព។

លោក ហួរ ពិសិដ្ឋ បានបញ្ជាក់ថា នៅលើពិភពលោក សកម្មភាពរបស់មនុស្សបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់បម្រែបម្រួលបរិស្ថាន ធម្មជាតិក្នុងនោះ មានការទាញយកធនធានធម្មជាតិហួសបរិមាណ ការកាប់បំផ្លាញព្រៃឈើ ដែលជាប្រភពសំខាន់សម្រាប់ជីវិតមនុស្ស សត្វ និងធម្មជាតិ ការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត ការគ្រប់គ្រងសំណល់រឹង រាវ ពុំបានល្អ ការចោលសម្រាម ពាសវាលពាសកាល ជាប្រភពមេរោគ និងការបង្ហូរទឹកស្អុយ ចូលក្នុងប្រភពទឹក ដោយគ្មានអាងស្តុកច្រោះ ជាដើម ដែលនេះជាធនធាន និងប្រភពភាពបរិសុទ្ធ សំរាប់ទ្រទ្រង់ជីវិតមនុស្ស គឺត្រូវបានកាត់បន្ថយ និងអស់គុណភាពជាបណ្តើរៗ ហើយឈានទៅរកការបាត់បង់ទាំងស្រុង បើយើងជំនាន់នេះ មិនមានវិធានការរាំងខ្ទប់ ទប់ស្កាត់ ឲ្យបានទាន់ពេលវេលានោះទេ៕