(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានសំណេះសំណាល ជាមួយមេភូមិ សមាជិកក្រុម ប្រឹក្សាឃុំ និងមន្ត្រីរាជការ ស្រុកជីក្រែង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក ឃឹម ប៊ុនសុង បាននាំពាក្យសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ។

ក្នុងនោះដែរ អភិបាលខេត្តសៀមរាប ក៏បានកោតសសើរ ពីការខិតខំយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ ឃុំ ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោត និង ពេលបោះឆ្នោត ក្រោយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ធានាបានសុវត្ថិភាពល្អជូនប្រជាពលរដ្ឋ មិនឲ្យមានកើតនូវអំពើហិង្សាអ្វីឡើយនាពេលកន្លងមកនេះ។  

ក្នុងនោះ លោក ឃឹម ប៊ុនសុង ក៏បានណែនាំមួយចំនួន ដល់សមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីរាជការត្រូវយកចិត្ត ទុកដាក់ក្នុងការអនុវត្តការងារ ស្នូលរបស់ខ្លួន ដើមី្បបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានហើយក៏ត្រូវគោរពឲ្យខាងតែបាននូវយុទ្ធសាស្ត្រទាំងបួន ចំណុច របស់សម្តេចនាយករដ្ឋមន្ត្រី មូជទឹក ដុសក្អែល ឆ្លុះកញ្ចក់ និងព្យាបាល។

លោកអភិបាល ក៏បានសង្កត់ធ្ងន់ថា គ្រប់សមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការណា ដែលបាន ធ្វើឲ្យមានកំហុសឆ្គងធ្វើឲ្យប៉ះពាល់ បាត់បង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន គឺ ត្រូវទទួលទោសទណ្ឌទៅតាមច្បាប់រដ្ឋបាល ដែលបានកំណត់។

ក្នុងនោះដែរលោក ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ កម្លាំងសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ បង្កើនការ យកចិត្តទុកដាក់ លើការអនុវត្តគោលនយោបាយ ភូមិឃុំ​មានសុវត្ថិភាព ដើមី្បធានាបាននូវភាពរស់នៅសុខសាន្ត របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខ្លួន និងបន្តធ្វើកិច្ចអភិវឌ្ឍ  ភូមិ ឃុំ ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ  ។ម៉្យាងទៀត ត្រូវធ្វើការជម្រុញដល់ប្រជាពលរដ្ឋ លើការ ងារបង្កបង្កើនផលឲ្យបានទាន់រដូវ ដោយបច្ចុប្បន្ននេះភ្លៀង បានកំពុងធ្លាក់ ស្រោចស្រពនៅគ្រប់តំបន់ផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់លោក ប៉ោក សេរីរតន៍មុនី  ប្រធានក្រុមប្រឹក្សាស្រុកជីក្រែង បានបញ្ជាក់អំពីការងារ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ សំខាន់ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោត និង ពេលបោះឆ្នោត ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ធានាបាននូវសន្តិសុខ សុវត្ថិភាពល្អនៅតាមមូលដ្ឋាន ពុំមានកើតនូវ អំពើហិង្សាអ្វីឡើយ។

ជាមួយគ្នានោះដែល តំណាងក្រុមប្រឹក្សាឃុំ ដែលបានលើកឡើង ពីលទ្ធផល និងបញ្ហាប្រឈម ក៏ត្រូវបាន លោក បណ្ឌិត អភិបាលខេត្ត បកស្រាយបំភ្លឺ អំពីចំណោទបញ្ហាទៅលើកញ្ចប់ថវិកាអភិវឌ្ឍភូមិ ឃុំ គឺគ្រប់បណ្តាឃុំទាំងអស់ គឺត្រូវតែបន្តធ្វើការអភិវឌ្ឍភូមិ ឃុំរបស់ខ្លួន រហូតដល់ថ្ងៃបញ្ចប់អាណត្តិរបស់ខ្លួនផងដែរ ៕